(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះ បណ្តាញសារព័ត៌មានរដ្ឋចិនបានសម្តែងការស្វាគមន៍ ចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីបោះជំហានឆ្ពោះទៅកាន់ ការបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
បណ្តាញសារព័ត៌មានរដ្ឋចិន Global Times ដូចទៅនឹងឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី (Liu He) ដែលជាតំណាងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីទៅចុះហត្ថលេខាលើ កិច្ចព្រមព្រៀងខាងលើដែរ គឺបានបង្ហាញគោលជំហរស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ហើយបានហៅវាថា ជាកិច្ចព្រមព្រៀងដែលបានមកដោយការខំប្រឹងជាខ្លាំង ក៏ប៉ុន្តែស្របពេលជាមួយគ្នា Global Times បានព្រមានថា វាមិនលំបាកប៉ុន្មានឡើយ ក្នុងការធ្វើឲ្យអ្វីៗដួលរលំទៅវិញ ដូច្នេះភាគីទាំងពីរគួរតែរក្សាការពារវាឲ្យបាន ដើម្បីឈានទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀង នៅក្នុងដំណាក់កាលបន្តបន្ទាប់ទៀត។
ក្រោយសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើងជិតពីរឆ្នាំ នៅទីបំផុតនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានព្រមព្រៀងគ្នារវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងប្រទេសចិន តាំងតែពីចុងឆ្នាំ២០១៩នោះ ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងតំណាងរដ្ឋាភិបាលចិនលោក លីវ ហ៊ី (Liu He) ធ្វើការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ ដើម្បីបើកផ្លូវឆ្ពោះទៅបញ្ចប់ជម្លោះនេះ។
គួរបញ្ជាក់ថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ តំណាងចរចាពាណិជ្ជកម្មអាមេរិក និងចិនបានប្រកាសពី «កិច្ចព្រមព្រៀងបឋម ឬកិច្ចព្រមព្រៀងដំណាក់កាលទីមួយ» ដែលក្នុងនោះចិនបានយល់ព្រមនាំចូលទំនិញតម្លៃ ២០០ពាន់លានដុល្លារពីអាមេរិក ក្នុងរយៈពេល ០២ឆ្នាំ។ រីឯអាមេរិកបានលុបចោលការដំឡើងពន្ធថ្មីទៀត ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយសន្យាកាត់បន្ថយពាក់កណ្តាល នូវការដំឡើងពន្ធ ១៥ភាគរយ លើទំនិញចិនតម្លៃ ១២០ពាន់លានដុល្លារ ដែលត្រូវបានដាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកចិនក៏បានផ្អាកគម្រោងដំឡើងពន្ធថ្មីរបស់ខ្លួនដែរ៕