(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ម៉េវេដេវ (Dmitry Medvedev) និងគណៈរដ្ឋមន្ត្រីទាំងអស់របស់លោក នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តលាលែងចេញពីតំណែង ជាផ្នែកមួយនៃការរុះរើរដ្ឋាភិបាលដ៏ភ្ញាក់ផ្អើល តាមបង្គាប់បញ្ជាដោយផ្ទាល់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លោក ពូទីន ក៏បានទទួលយកលិខិតលាលែងផងដែរ ហើយបីម៉ោងក្រោយប្រកាសលាលែងនេះ លោកបានសម្រេចតែងតាំងនាយកសេវាពន្ធគឺលោក មីខេល មីសហាស្ទីន (Mikhail Mishustin) ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី។ យ៉ាងណាក៏ដោយ លោក Medvedev នឹងនៅតែមានតំណែងនៅក្នុងស្ថាប័នកំពូលរុស្ស៊ីដដែល ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ ដែលមានតំណែងស្មើនឹងអនុប្រធានាធិបតី។
ការប្រកាសលាលែងចេញពីតំណែងរបស់លោក Medvedev កើតមានឡើងបន្ទាប់ពីលោក ពូទីន បានយកឱកាសថ្លែងសារប្រចាំឆ្នាំទៅកាន់សភាជាតិ ដោយស្នើឱ្យមានការធ្វើកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតប្រជាមតិមួយ។ ប៉ុន្តែទន្ទឹមគ្នា មិនមានការបញ្ជាក់លម្អិតថា តើលោក Medvedev និងគណៈរដ្ឋមន្ត្រីរបស់ លោកមានការភ្ញាក់ផ្អើលដោយមិនដឹងជាមុន ចំពោះការសម្រេចចិត្តរបស់លោក ពូទីន ឬក៏នេះផែនការមួយដែលគេរៀបចំឡើងនោះទេ ខណៈលោកផ្ទាល់បាននិយាយថា ការលាលែងនេះគឺដើម្បីបើកផ្លូវឱ្យលោក ធ្វើកំណែទម្រង់ដែលលោកចង់បាន។
* តើលោក ពូទីន ស្នើកែប្រែរដ្ឋធម្មនុញ្ញត្រង់ចំណុចណាខ្លះ?
ថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាជាតិ លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឡើងនូវសំណើដូចជា៖
- ផ្ទេរអំណាចបន្ថែមទៅកាន់សភា តាមរយៈការអនុញ្ញាតឱ្យសមាជិកសភាទាំងអស់ តែងតាំងនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី (បច្ចុប្បន្នប្រធានាធិបតីជាអ្នកតែងតាំង)
- កែប្រែរបៀបជ្រើសនាយកទីភ្នាក់ងារសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យប្រធានាធិបតី ជាអ្នកសម្រេចក្រោយប្រឹក្សាយោបល់ ជាមួយក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់នៃ សហព័ន្ធរុស្ស៊ី)។
- រក្សាទុកដដែលនូវក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នកំពូលមួយផ្ដល់យោបល់ឱ្យប្រធានាធិបតី
- លុបចោលការតម្រូវឱ្យស្នាក់នៅក្នុងប្រទេសរុស្ស៊ី សម្រាប់អ្នកដែលចង់ឈរឈ្មោះជាប្រធានាធិបតីចាប់ពី ១០ឆ្នាំ ដល់ ២៥ឆ្នាំ
- ហាមឃាត់ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់អ្នកដែលរស់នៅក្រៅប្រទេសយូរអង្វែង ពោលមិនមែនកំឡុងរយៈកាលបោះឆ្នោត
- អនុញ្ញាតឱ្យតុលាការធម្មនុញ្ញរុស្ស៊ីត្រួតពិនិត្យថា តើការអនុម័តច្បាប់ទាំងឡាយស្របទៅនឹងរដ្ឋធម្មដែរ ឬទេមុននឹងប្រធានាធិបតីចុះហត្ថលេខា
- រារាំងមិនឱ្យច្បាប់អន្តរជាតិលុបលើច្បាប់រុស្ស៊ី
- រារាំងមន្ត្រីរដ្ឋមិនឱ្យទទួលសញ្ជាតិបរទេស
- បន្ថែមការឧបត្ថម្ភដើម្បីរក្សាប្រាក់ឈ្នួលអប្បបរមា និងសោធននិវត្តន៍ ឱ្យនៅខ្ពស់ជាងបន្ទាត់ក្រីក្រ
- កំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិ
* តើលោក ពូទីន ចង់បានអ្វីឱ្យប្រាកដ?
នៅលើក្រដាសសំណើខាងលើរបស់លោក ពូទីន មានលក្ខណៈប្រជាធិបតេយ្យសុទ្ធសាធ ដែលអាចយកធ្វើជាគំរូទៀតផង។ តាមការពិតទៅផែនការរបស់លោកប្រធានាធិបតី រុស្ស៊ីគ្មាននរណាម្នាក់ដឹងបានឡើយ។ ប៉ុន្តែអ្នកជំនាញមួយចំនួនយល់ថា ការធ្វើសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺលោកពូទីនផ្ទាល់ចង់ពង្រឹងអំណាច និងបង្កើតប្រព័ន្ធនយោបាយ ឬតំណែងកំពូលថ្មីមួយ (មិនមែនជាប្រធានាធិបតី) មុននឹងអាណត្តិជាប្រធានាធិបតីត្រូវបញ្ចប់នៅឆ្នាំ២០២៤។ និយាយឱ្យងាយស្ដាប់ បុរសខ្លាំងវិមានក្រឹមឡាំងរូបនេះ មានបំណងកាត់បន្ថយអំណាចប្រធានាធិបតី ដែលមិនមែនជារូបលោក ឬអាចនិយាយម្យ៉ាងទៀតបានថា លោកមិនចង់ឱ្យអ្នកបន្តវេនពីលោកមានអំណាចធំជាងរូបលោក។
មហិច្ឆតានៃការពង្រឹងអំណាចត្រូវបានគេប្រមើលមើល ដោយផ្អែកលើសំណើរបស់លោក ពូទីន ដែលស្នើឱ្យរក្សាទុកដដែលនូវ «ក្រុមប្រឹក្សារដ្ឋ ឬ State Council» ដែលលោក បានបង្កើតតាំងតែពីឆ្នាំ២០០០ មកម្ល៉េះ។ ក្រុមប្រឹក្សារដ្ឋត្រូវបានគេរំពឹងថា នឹងមានអំណាចកាន់តែខ្លាំង ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយលោក ពូទីន អាចនឹងបង្កើតតំណែងកំពូលថ្មីមួយ ឬក៏អាចធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋនេះតែម្ដង នៅពេលអាណត្តិប្រធានាធិបតីរបស់លោក ត្រូវបញ្ចប់នៅឆ្នាំ២០២៤។
លោក ពូទីន មិនអាចឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីជាថ្មីឡើយ ដោយសារតែនៅក្រោមប្រព័ន្ធកំណត់អាណត្តិរុស្ស៊ីបច្ចុប្បន្នបានចែងថា ប្រធានាធិបតីរុស្ស៊ីម្នាក់អាចកាន់អំណាចបានត្រឹមពីរអាណត្តិជាប់ៗគ្នា គឺមិនអាចឈរឈ្មោះជាលើកទី ៣ នោះទេ។ លោក ពូទីន ធ្លាប់បានកាន់តំណែងពីរអាណត្តិជាប់ៗគ្នា ម្ដងរួចមកហើយពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ខណៈបច្ចុប្បន្នលោក កំពុងបន្តកាន់តំណែងពីរអាណត្តិជាប់ៗគ្នាទៀត ក្រោយត្រឡប់មកកាន់តំណែងវិញនៅឆ្នាំ២០១២ ហើយជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០១៨ ។
ប៉ុន្តែលោកអាចប្រើប្រាស់យុទ្ធសាស្ត្រចាស់ ដើម្បីបន្តកាន់អំណាចតទៅទៀត ដោយដកឃ្លាមួយអាណត្តិសិន ហើយត្រួសត្រាយផ្លូវឱ្យមនុស្សជំនិតណាម្នាក់ ឡើងធ្វើជាប្រធានាធិបតី ហើយលោកធ្វើជានាយករដ្ឋមន្ត្រី ដូចដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០០៨។ កាលពីឆ្នាំ២០០៨ លោក ពូទីន បានជួយឱ្យលោក Medvedev ឡើងធ្វើជាប្រធានាធិបតី រីឯលោកធ្វើជានាយករដ្ឋមន្ត្រី ហើយរហូតដល់ឆ្នាំ២០១២ ទើបលោកឡើងមកកាន់តំណែងជាប្រធានាធិបតីវិញ ដើម្បីកុំឱ្យផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។
នៅត្រង់ចំណុចនេះ អ្នកជំនាញនយោបាយមានមូលដ្ឋានក្នុងទីក្រុងម៉ូស្គូ និងជាស្ថាបនិកវិទ្យាស្ថានប្រឹក្សាយោបល់ R.Politik លោកស្រី ថាត្យាណា ស្តាណូវ៉ាយ៉ា (Tatiana Stanovaya) យល់ថា លោក ពូទីន នឹងមិនប្រើយុទ្ធសាស្ត្រចាស់នេះទៀតទេ ដ្បិតនៅក្នុងសុន្ទរកថា លោក ពូទីន បានអះអាងថា លោកគ្មានបំណងឈរឈ្មោះនៅអាណត្តិទីបីឡើយ ហើយនៅក្នុងសំណើធ្វើវិសោធនកម្ម លោកផ្ទាល់ក៏បានគំាទ្រផងដែរ នូវការកំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិជាប់ៗគ្នា ដោយមិនអាចត្រឡប់មកកាន់តំណែងវិញសាជាថ្មីទេ។
ម្យ៉ាងវិញទៀត បើសិនជារដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មពិតមែន នោះតំណែងជាប្រធានាធិបតី ក៏លែងមានអំណាចខ្លាំងដូចមុនដែរ ដែលនេះមិនចាំបាច់ឱ្យលោកត្រូវប្រកួតប្រជែង យកតំណែងមួយនេះទៀតឡើយ។
លោកស្រី Stanovaya បានបញ្ជាក់ដូច្នេះថា «ជាជាងការប្រើប្រាស់យុទ្ធសាស្ត្រចាស់ លោក ពូទីន កំពុងព្យាយាមបង្កើតតួនាទីកំពូលថ្មីមួយសម្រាប់ខ្លួនឯង ឬក៏បង្កើតប្រព័ន្ធ នយោបាយមួយដែលអាចការពារសុវត្ថិភាព នៅពេលដែលលោកចាស់ចូលនិវត្តន៍។ លោកចង់បង្កើតលក្ខខណ្ឌ និងយន្ដការមួយចំនួន មិនមែនសម្រាប់តែដើម្បីគ្រប់គ្រងអនាគតប្រធានាធិបតីនោះទេ តែក៏ដើម្បីជួយរូបលោកនៅពេលណាមួយផងដែរ»។
* តើលោក ពូទីន កំពុងយកគំរូតាមប្រទេសកាហ្សាក់ស្ថានឬ?
ការតែងតាំងលោក Medvedev ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ ដែលមានលោក ពូទីន ជាប្រធានស្រាប់បានធ្វើឱ្យគេសង្ស័យថា ប្រធានាធិបតីរូបនេះកំពុងយកគំរូតាម អតីតសាធារណរដ្ឋសូវៀត គឺប្រទេសកាហ្សាក់ស្ថាន។ កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក ណឺស៊ុលតង់ ណាហ្សាបាយ៉េវ (Nursultan Nazarbayev) ដែលកាន់អំណាចដុះក្អែលរាប់ទសវត្សរ៍ បានលាលែងចេញពីតំណែង ប៉ុន្តែលោកបានក្លាយជាប្រធានក្រុមប្រឹក្សាសន្តិសុខ នៃប្រទេសកាហ្សាក់ស្ថានអស់មួយជីវិត ដែលនេះបានធ្វើឱ្យលោកកាន់តែមានអំណាច ពេញដៃខ្លាំងជាងមុនទៅទៀត។
នៅក្នុងសុន្ទរកថា ទៅកាន់សភាជាតិកាលពីថ្ងៃពុធ លោក ពូទីន បានស្នើឱ្យមានការកំណត់អាណត្តិប្រធានាធិបតីត្រឹមតែពីរអាណត្តិ ហើយថាលោកមិនចង់ឈរឈ្មោះប្រកួតប្រជែង យកតំណែងប្រធានាធិបតី នៅអាណត្តិទីបីឡើយ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហើបពីផែនការផ្ទេរអំណាច ពីប្រធានាធិបតីទៅកាន់សភាជាន់ទាប ដែលនេះជាចេតនាមួយត្រូវបានគេមើលឃើញថា ជាការកាត់ផ្ដាច់ ឬលុបចោលអំណាច ឬក៏ឥទ្ធិពលទាំងឡាយរបស់អ្នកបន្តវេនពីរូបលោក។
ជុំវិញការលើកឡើងខាងលើនេះ លោកស្រី Stanovaya បានសង្កត់ធ្ងន់ថា «ផែនការរបស់លោក ពូទីន នឹងធ្វើឱ្យអនាគតប្រធានាធិបតីបន្ទាប់ពីលោក គ្មានអំណាច... ហើយលោកនឹងរក្សាអំណាច ព្រមទាំងយន្ដការមួយចំនួនដើម្បីគ្រប់គ្រង និងលូកដៃចូល នៅក្នុងករណីអ្នកបន្តវេនពីលោកមានកំហុស ឬក៏ហ៊ានប្រឆាំងនឹងរូបលោក។ ដូច្នេះខ្ញុំយល់ថា តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋ អាចនឹងក្លាយជាជម្រើសមួយរបស់លោក»។
* ហេតុអ្វីបានជាលោក ពូទីន តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី?
លោក Mikhail Mishustin ជានាយកសេវាពន្ធនៃសហព័ន្ធរុស្ស៊ី ត្រូវបានតែងតាំងជានាយរដ្ឋមន្ត្រីថ្មី ជំនួសលោក Medvedev។ លោកស្រី Stanovaya យល់ថា ការតែងតាំងលោក Mishustin ជានាយរដ្ឋមន្ត្រីរុស្ស៊ីថ្មី គឺដោយសារតែលោក ពូទីន មើលឃើញថា លោកមិនមែនជាមនុស្សមានមហិច្ឆតានយោបាយ និងមិនមានឥទ្ធិពលអ្វីទាល់តែសោះ នៅក្នុងចំណោមអ្នកនយោបាយរុស្ស៊ី ហើយដែលនេះគឺធ្វើឱ្យលោក ពូទីន មានផាសុខភាពដោយមិនចាំបាច់ខ្វាយខ្វល់ ពីអ្នកដណ្ដើមអំណាចពីរូបលោក។ និយាយឱ្យចំ លោក ពូទីន ត្រូវការមនុស្ស ស្មោះត្រង់ម្នាក់ដែលស្រួលឱ្យលោករៀបចំសេណារីយ៉ូឱ្យដើរតាម។
ផ្ទុយលោក Mishustin លោក Medvedev គឺជាឥសិរ្សជននយោបាយរុស្ស៊ីមា្នក់ មានឥទ្ធិពលខ្លាំងគួរសម ហើយដែលត្រូវបានគេមើលឃើញថា អាចនឹងក្លាយជាគូប្រជែងរបស់លោក ពូទីន ក៏ថាបាន។ ម្យ៉ាងវិញទៀត បើទោះជាអ្នកទាំងពីរជាសម្ព័ន្ធមិត្តយូរអង្វែងនឹងគ្នាក៏ដោយ តែកំឡុងឆ្នាំ២០១១ លោក ពូទីន បានអន់ចិត្តមិនតិចនោះទេ ដោយសារតែលោក Medvedev ដែលកាលណោះជាប្រធានាធិបតីរុស្ស៊ី មិនបានប្រើប្រាស់សិទ្ធិវេតូ ក្នុងការរារាំងសហរដ្ឋអាមេរិកចូលផ្ដួលរំលំរបបដឹកនាំ លោក ហ្គាដាហ្វី។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន មិនទាន់កំណត់ពីកាលបរិច្ឆេទ នៃការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឡើយទេ។ រុស្ស៊ី ធ្លាប់បានរៀបចំការបោះឆ្នោតប្រជាមតិ ចុងក្រោយបំផុតកាលពីឆ្នាំ១៩៩៣ ជាពេលដែលរុស្ស៊ីអនុម័តបង្កើតរដ្ឋធម្មនុញ្ញសព្វថ្ងៃ ក្រោយការដឹកនាំរបស់អតីតប្រធានាធិបតី លោក បូរីស យែលស៊ីន (Boris Yeltsin)៕
ប្រភព៖ សារព័ត៌មាន Washington Post និង Aljazeera (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០)