(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបច្ចុប្បន្នរបស់ សាធាណរដ្ឋអ៊ីស្លាមមួយនេះ គឺច្រើនជាងកាលពីមុនពេលដែលអ៉ីរ៉ង់ ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
លោក ហាស្សាន រួហានី បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីធនាគារកណ្តាលអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «ថ្ងៃនេះ... យើងគ្មានព្រំដែនកំណត់ទៀតឡើយ ទៅលើវិស័យឧស្សាហកម្មនុយក្លេអ៊ែរ។ នោះគឺជាលក្ខខណ្ឌនៃវិស័យនុយក្លេអ៊ែររបស់យើង ដែលប្រសើរជាង នៅមុនពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខា។ ថ្ងៃនេះ អ៉ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ច្រើនជាងកាលពីឆ្នាំ២០១៥ ទៅទៀត»។
គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់បានកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ដែលត្រូវបានធ្វើឡើង នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនចេញ ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងភាពបរាជ័យរបស់សហភាពអឺរ៉ុប ដែលមិនអាចដោះស្រាយបញ្ហាអ្វីបានចំពោះរឿងនេះ។ បន្ថែមពីនេះ អ៉ីរ៉ង់ក៏បានបដិសេធទុកជាមុនផងដែរ ប្រសិនបើសហរដ្ឋអាមេរិក ចង់ធ្វើការចរចាឡើងវិញនោះ៕