(តេហេរ៉ង់)៖ មេបញ្ជាការកងអង្គភាពពិសេស Quds Force ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក អ៊ីស្មែល កាអានី (Esmail Qaani) បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក Qassem Soleimani តាមបែប «មនុស្សកំសាកញី» ហើយសន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេបញ្ជាការកងអង្គភាពពិសេសមួយនេះ វិញតាមបែប «កូនប្រុស»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។
លោក Esmail Qaani ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃចន្ទសប្ដាហ៍នេះនៅឯពិធីបង្ហាញខ្លួន នៅចំពោះមុខក្រុមមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) ដើម្បីចូលកាន់តំណែងជាផ្លូវការ។ ថ្លែងនាឱកាសនោះ លោក Qaani បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានសម្លាប់លោក Soleimani ដោយប្រើប្រាស់វិធីរបស់មនុស្សកំសាកញី... ប៉ុន្តែដោយមានការប្រទានពរពីព្រះជាម្ចាស់ យើងសន្យាថា នឹងសងសឹកចំពោះសត្រូវដែលបានសម្លាប់លោក Soleimani តាមបែបមនុស្សប្រុសពិតៗ»។
គួរជម្រាបថា លោក Qassem Soleimani ដែលជាអតីតមេបញ្ជាការកងអង្គភាពពិសេស Quds ត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅ ហើយភ្លាមៗក្រោយមរណភាពរបស់លោក លោក Esmail Qaani ជាមេបញ្ជាការរងត្រូវបានមេដឹកនាំកំពូលអ៉ីរ៉ង់ តែងតាំងជាមេបញ្ជាការអង្គភាព Quds ថ្មី។ លោក Qaani គឺជាមនុស្សម្នាក់ស្មោះស្ម័គ្រនឹងលោក Soleimani ហើយក៏ត្រូវបានគេជឿជាក់ដែរថា លោកនឹងបន្តដើរតាមជំហាន នៃអតីតមេបញ្ជាការអ៉ីរ៉ង់រូបនេះ៕