(តេហេរ៉ង់)៖ ស្ថានីយទូរទស្សន៍អ៉ីរ៉ង់ IRIB នាថ្ងៃអង្គារនេះ បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលបានធ្លាក់នៅឯ ជាយនៃទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ត្រូវបានមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធការពារ ដែនអាកាស TOR-M1 របស់យោធាអ៉ីរ៉ង់បុកចំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។
ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ IRIB បានធ្វើសេចក្តីរាយការណ៍ដូចខាងលើ ដោយផ្អែកលើប្រភពបានមកពីរបាយការណ៍ថ្មីចុងក្រោយគេបំផុត របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់។ របាយការណ៍នោះបានបញ្ជាក់ថា «មីស៊ីលរបស់ប្រព័ន្ធ TOR-M1 ចំនួន២គ្រាប់ នៅភាគខាងជើង ប្រទេសអ៉ីរ៉ង់ ត្រូវបានបាញ់សំដៅទៅរកហើយចំយន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែន»។ កាលពីសប្តាហ៍មុន សារព័ត៌មានអាមេរិក New York Times ក៏បានចុះផ្សាយដែរថា យន្តហោះអ៊ុយក្រែននោះ តាមពិតត្រូវមីស៊ីលអ៉ីរ៉ង់ពីរគ្រាប់បាញ់ចំ មិនមែនតែមួយគ្រាប់ឡើយ ដោយយោង តាមឃ្លីបវីដេអូបានមកពីកាមេរ៉ាសុវត្ថិភាព។
គួរជម្រាបថា យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវបានទីក្រុងតេហេរ៉ង់អះអាងថា បានធ្លាក់ដោយសារតែការច្រឡំបាញ់ទម្លាក់ពីសំណាក់យោធាអ៉ីរ៉ង់ កាលពីព្រឹកព្រហាមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ចំពេលដែលស្ថានការណ៍នៅក្នុងតំបន់កំពុងតែតានតឹងជាខ្លាំង ក្រោយអ៉ីរ៉ង់បាញ់គ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ នៅពេលទាបភ្លឺថ្ងៃដដែល។ នៅលើយន្តហោះនោះមានមនុស្សជិះ ចំរុះជាតិសាសន៍សរុប ១៧៦នាក់ ដោយក្នុងនោះជនជាតិអ៉ីរ៉ង់មានច្រើនជាងគេ រហូតដល់ទៅជាង ៨០នាក់ និងកាណាដាក៏ច្រើនដែររហូតដល់ ៦៣នាក់៕