(ម៉ាឡេស៊ី) រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនបានបញ្ជូនសំរាមផ្លាសិ្ទក ៤,១២០តោន ឬស្មើនឹង ១៥០កុងតឺន័រ ត្រឡប់ទៅកាន់បណ្ដាប្រទេសចំនួន ១៣វិញជាមួយនិងការបញ្ជាក់ជាថ្មីថា ម៉ាឡេស៊ីមិនមែនជាកន្លែងចាក់សំរាម របស់ពិភពលោកនោះទេ។ នេះបើតាមការដកស្រង់ ការផ្សាយពីសារព័ត៌មាន Business insider នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅសប្ដាហ៍នេះ រដ្ឋមន្ត្រីបរិស្ថានម៉ាឡេស៊ីលោកស្រី យ៉េអូ ប៊ីយីន (Yeo Bee Yin) បានឱ្យដឹងថា ក្នុងរយៈពេលត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩ ម៉ាឡេស៊ីបានបញ្ជូនសំរាមប្លាស្ទិច ៤៣កុងតឺន័រ ត្រឡប់ទៅកាន់ប្រទេសបារាំងវិញ, ៤២កុងតឺន័រទៅកាន់ចក្រភពអង់គ្លេស, ១៧កុងតឺន័រទៅកាន់សហរដ្ឋអាមេរិក និង ១១កុងតឺន័រទៅកាន់ប្រទេសកាណាដា។
លោកស្រីបន្ថែមថា គិតជាសរុបសំរាម ១៥០កុងតឺន័រហើយ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រភពដើមវិញ ខណៈប្រទេសដទៃៗទៀតមានដូចជា អេស្ប៉ាញ ទីក្រុងហុងកុង ជប៉ុន សិង្ហបុរី ព័រទុយហ្គាល់ ចិន បង់ក្លាដែស ស្រីលង្កា និងលីតទុយអានីជាដើម គឺកំពុងស្ថិតនៅក្នុងដំណើរការ។ មិនតែប៉ុណ្ណោះ លោកស្រីរដ្ឋមន្ត្រីបរិស្ថានម៉ាឡេស៊ី ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងកូឡាឡាំពួរ នឹងបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលឆ្លងដែនរបៀបនេះ៕