(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានផែនការបញ្ចូលប្រទេសចំនួន ០៧បន្ថែមទៀតទៅក្នុងបញ្ជីខ្មៅនៃបំរាម និងការរឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ក្នុងនោះមានដូចជាប្រទេស បេឡារុស (Belarus), អេរីទ្រា (Eritrea), កៀរហ្ស៊ីជីស្ថាន (Kyrgyzstan), មីយ៉ាន់ម៉ា (Myanmar), នីហ្សេរីយ៉ា (Nigeria), ស៊ូដង់ (Sudan) និង តង់ហ្សានៀ (Tanzania)។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។
សារព័ត៌មាន Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយមុនគេ ដោយសារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការបញ្ជាក់ថា ប្រជាជន ឬជនអន្តោប្រវេសន៍មកពីប្រទេសទាំងនេះ អាចនឹងត្រូវបានរឹតត្បិតលើប្រភេទទិដ្ឋាការមួយចំនួន ក្នុងនោះរួមមានទាំងទិដ្ឋាការពាណិជ្ជកម្ម ឬក៏ទិដ្ឋាការធម្មតា។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ដែរថា លោកកំពុងព្យាយាមបញ្ចូលប្រទេសជាច្រើនទៅក្នុងបញ្ជីបម្រាម និងរឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក តែមិនបានបញ្ជាក់លម្អិតពីឈ្មោះ នៃប្រទេសណាមួយនៅឡើយទេ។ រីឯមន្ត្រីអាមេរិកដែលប្រាប់ Wall Street Journal ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានអះអាងដែរថា បញ្ជីខ្មៅនេះមិនទាន់រៀបចំរួចរាល់ឡើយ៕