(ម៉ាកាវ)៖ អាជ្ញាធរក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ (Macau) នៃប្រទេសចិន បានសម្រេចផ្អាករាល់ពិធីបុណ្យ និងពិធីអបអរនានាដែលមានលក្ខណៈប្រមូលផ្តុំ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិននាចុងសប្តាហ៍នេះ ក៏ព្រោះតែការរីករាលនៃវីរុសផ្លូវដង្ហើមថ្មី ដែលបាននិងកំពុងក្លាយជាបញ្ហាក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ TVB នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

ការសម្រេចរបស់ទីក្រុងម៉ាកាវបែបនេះ គឺបានកើតមានឡើងក្រោយទូរទស្សន៍ TVB ដែលមានទីស្នាក់ការនៅទីក្រុងហុងកុងបានចេញផ្សាយថា ការឆ្លងវីរុសផ្លូវដង្ហើមថ្មី ដែលមានប្រភពដើមពីទីក្រុងវូហាន (Wuhan) នៃខេត្តហឺប៉ី (Hubei) ភាគកណ្តាលប្រទេសចិននោះ បានកើនឡើងដល់ពីរករណីនៅម៉ាកាវ ខណៈហុងកុងក៏ទើបរកឃើញមួយករណីផងដែរ។ ទោះបីជាអ្នកឆ្លងវីរុសនេះដំបូងនៅម៉ាកាវ បានទទួលការព្យាបាលឲ្យធូរស្រាលឡើងវិញមែន ក៏ការប្រយ័ត្នប្រយែងខ្លាំងនៅត្រូវតែបានធ្វើឡើង ខណៈរដ្ឋាភិបាលចិនកំពុងចាត់វិធានការក្តៅបំផុត ដើម្បីទប់ស្កាត់ហើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី (Coronavirus) បានកើនឡើងដល់ ៥៧១ករណី និង ១៧នាក់ហើយបាត់បង់ជីវិត។ អាជ្ញាធរចិនបានសម្រេចផ្អាកជើងហោះហើរ និងរថភ្លើងទាំងអស់តែម្តងទៅកាន់ទីក្រុង វូហាន ខណៈវិធានការបន្ទាន់នានាត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល។ ក្រៅពីក្នុងប្រទេសចិនផ្ទាល់ ប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង និងជប៉ុន ក៏បានរកឃើញករណីឆ្លងវីរុសផ្លូវដង្ហើមពីចិននេះដែរ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់ដោយសារវាក្រៅពីទឹកដីចិននោះឡើយ៕