(ឌូបៃ)៖ ប្រព័ន្ធផ្សព្វផ្សាយនៅអេមីរ៉ាត់អារ៉ាប់រួមនាថ្ងៃពុធនេះបានចុះផ្សាយថា ទើបមានការពិនិត្យរកឃើញករណីដំបូង​នៃអ្នកផ្ទុកវីរុសកូរ៉ូណា​ប្រភេទថ្មី នៅក្នុងប្រទេសនេះ។ នេះបើតាមការដកស្រង់កាផ្សាយចេញពីសារព័ត៌មាន Aljazeera នៅរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួម នាថ្ងៃពុធនេះ​បានប្រកាសអំពីការរកឃើញនូវវត្តមាន​វីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងខ្លួន​​​មនុស្សនៃគ្រួសារមួយ ដែលបានធ្វើដំណើរមកពីទីក្រុង Wuhan របស់ប្រទេសចិន ប៉ុន្តែពុំមានការបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ក្នុងគ្រួសារនោះ មានផ្ទុកវីរុសឡើយ។ យ៉ាងណាមិញ អ្នកដែលផ្ទុកវីរុស​មានស្ថានភាពសុខភាពនឹងនរធម្មតា ហើយកំពុងស្ថិតក្រោមការតាមដាន។

គួរជម្រាបថា នេះគឺជាករណីដំបូងនៃវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពចេញពីប្រទេសចិន នៅតំបន់មជ្ឈិមបូព៌ា។

ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖

១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម (មិនទាន់ច្បាស់ថាប៉ុន្មានករណី)

គិតត្រឹមម៉ោង ១៣៖១៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។