(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍របស់ចក្រភពអង់គ្លេស British Airways បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់ជើងហោះហើរត្រង់ ទៅនិងមកពីប្រទេសចិន ក្រោយរដ្ឋាភិបាលទីក្រុងឡុងដ៍បានចេញសេចក្តីណែនាំ កុំឲ្យប្រជាជនអង់គ្លេសធ្វើដំណើរទៅចិនឲ្យសោះ ប្រសិនបើមិនចាំបាច់ខ្លាំងទេនោះ ដោយសារតែក្តីបារម្ភជុំវិញវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
នៅលើវែបសាយ BA.com របស់អាកាសចរណ៍ British Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ចក្រភពអង់គ្លេស ពុំមានបង្ហាញជើងហោះហើរត្រង់ណាមួយឆ្ពោះទៅឬចេញពីប្រទេសចិនមកឡើយ សម្រាប់ក្នុងខែមករានេះ និងខែកុម្ភៈខាងមុខ។ អាកាសចរណ៍ British Airways បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនយ៉ាងដូច្នេះថា «យើងពិតជាសុំទោសចំពោះអតិថិជនសម្រាប់ការរំខានបែបនេះ ប៉ុន្តែសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកក្រុមហ៊ុនយើង គឺតែងតែជាអាទិភាពចម្បងរបស់អាកាសចរណ៍ British Airways ជានិច្ច»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសបានណែនាំប្រជាពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ លុះត្រាតែការធ្វើដំណើរនោះមានភាពចាំបាច់ខ្លាំងខានមិនបាន។ ទន្ទឹមគ្នានេះ អង់គ្លេសក៏កំពុងព្យាយាមបញ្ជូនជើងហោះហើរពិសេស ទៅកាន់ខេត្ត Hubei របស់ចិន ដើម្បីនាំយកពលរដ្ឋអង់គ្លេស ដែលកំពុងជាប់គាំងនៅទីនោះ ត្រឡប់មកចក្រភពអង់គ្លេសវិញផងដែរ។
គួរជម្រាបថា គិតត្រឹមរសៀលថ្ងៃពុធនេះ វីរុសកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លងដល់មនុស្សសរុបជិត៦,០០០នាក់ និងសម្លាប់មនុស្ស១៣២នាក់ នៅក្នុងប្រទេសចិន ហើយករណីអ្នកផ្ទុកវីរុសនេះ ក៏ត្រូវបានរកឃើញនៅក្នុងប្រទេសយ៉ាងតិច១៥ផ្សេងទៀតដែរ ប៉ុន្តែមិនទាន់មាននៅចក្រភពអង់គ្លេសនៅឡើយទេ។
ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖
១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម (មិនទាន់ច្បាស់ថាប៉ុន្មានករណី)
គិតត្រឹមម៉ោង ១៤៖៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។