(គូឡាឡាំពួ)៖ បុរសម្នាក់នៅម៉ាឡេស៊ីត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយព័ត៌មានមិនពិត ទាក់ទងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលមានប្រភពចេញមកពីប្រទេសចិន ខណៈបច្ចុប្បន្នមានអ្នកផ្ទុកវីរុសនេះចំនួន ០៧នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានសិង្ហបុរី Straits Times នៅរសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា បុគ្គលនោះមានអាយុ ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួនដោយប៉ូលិសនៅក្រុងបាងគី (Bangi) នៃរដ្ឋសេឡាំងហ្គ័រ (Selangor) កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន ពីបទចែកចាយព័ត៌មានមិនពិតកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងវាយប្រហារយ៉ាងខ្លាំងក្លាក្នុងប្រទេសចិន។ ជាមួយគ្នានេះទូរស័ព្ទ និងស៊ីមកាតដែលអាជ្ញាធរជឿជាក់ថា ជនសង្ស័យបានប្រើប្រាស់ដើម្បីបង្ហោះព័ត៌មានមិនពិតទាំងនោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក៏ត្រូវបានដកហូតផងដែរ។

គួរជម្រាបថា ករណីខាងលើកំពុងត្រូវបានស៊ើបអង្កេត និងអាចរងការពិន័យជាប្រាក់ ៥០,០០០រីងហ្គីត (ស្មើនឹងជាង ១២,០០០ដុល្លារអាមេរិក) ឬការជាប់ពន្ធនាគាររយៈពេលមិនលើសពីមួយឆ្នាំ ឬមួយក៏អាចរងការពិន័យជាប្រាក់ផង និងត្រូវជាប់ពន្ធនាគារផង។

អាជ្ញាធរម៉ាឡេស៊ីបានគូសបញ្ជាក់ថា ការចេញវិធានការតឹងរ៉ឹងបែបនេះ គឺដើម្បីធានាថា ជនខិលខូចដែលខ្វះការទទួលខុសត្រូវ លែងហ៊ានធ្វើសកម្មភាពចែកចាយព័ត៌មានមិនពិត អំពីវីរុសផ្លូវដង្ហើមថ្មីនេះតទៀត ដែលវាអាចបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងកើតភាពវឹកវរបាន ហើយប្រសិនបើបុគ្គលណាធ្វើសកម្មភាពចែកចាយព័ត៌មានមិនពិត ក្រោមគោលបំណងបង្កឲ្យមានចលាចលក្នុងសង្គមតែម្តងនោះ គឺអាច នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ ឬការបង់ពិន័យជាប្រាក់ ឬមួយក៏ទាំងពីរ។ ក្រៅពីជនខាងលើ អាជ្ញាធរម៉ាឡេស៊ីកំពុងតាមស្វែងរកមុខបុគ្គល ០៣នាក់ផ្សេងទៀត ដែលបានចែកចាយព័ត៌មានមិនពិតដូចគ្នា៕