(ហ្សាការតា)៖ ក្រុមហ៊ុនអាកាសចរណ៍ Lion Air Group របស់ប្រទេសឥណ្ឌូណេស៊ី ដែលមានយន្តហោះច្រើនជាងគេប្រចាំនៅអាស៊ីអាគ្នេយ៍ នឹងផ្អាករាល់ជើងហោះហើរទាំងអស់របស់ខ្លួនជាមួយប្រទេសចិន នៅចំពោះមុខការវាយលុកនៃវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

លោក ដាណាង ម៉ាន់ដាឡា ព្រីហាន់តូរ៉ូ (Danang Mandala Prihantoro) អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lion Air Group បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ជើងហោះហើរទាំងអស់ (ទាំងទៅ និងទាំងមក) ពីប្រទេសចិននឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់មានការប្រែប្រួលអ្វីជាបន្តបន្ទាប់ទៀត»។ បើតាមលោក Prihantoro ការផ្អាកនេះនឹងប៉ះពាល់ដល់ជើងហោះហើររាប់សិបជើងរបស់ អាកាសចរណ៍ Lion Air Group ដែលឆ្ពោះទៅ និងមកពីទីក្រុងចំនួន ១៥ នៅក្នុងប្រទេសចិន។

ក្រៅពីអាកាសចរណ៍ Lion Air អាកាសចរណ៍ចក្រភពអង់គ្លេស British Airways នៅថ្ងៃពុធនេះក៏បានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់របស់ខ្លួន ជាមួយប្រទេសចិនផងដែរ ក្រោយពីរដ្ឋាភិបាលអង់គ្លេសបានជំរុញប្រជាជនអង់គ្លេស កុំឲ្យធ្វើដំណើរទៅកាន់ចិន ប្រសិនបើគ្មានភាពចាំបាច់ខ្លាំងទេនោះ។ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីធានាសុវត្ថិភាពរបស់អ្នកដំណើរជាអតិថិជន និងបុគ្គលិករបស់ក្រុមហ៊ុនផ្ទាល់។

គួរជម្រាបថា ក្នុងមួយឆ្នាំៗឥណ្ឌូណេស៊ីទទួលបានភ្ញៀវទេសចរចិនច្រើនជាងមួយលាននាក់ ហើយពលករចិនរាប់ពាន់នាក់ ក៏កំពុងធ្វើការងារនៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ខណៈប្រទេសយ៉ាងហោចចំនួន ១៥ទៀតក្រៅពីប្រទេសចិន សុទ្ធតែបានរកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ឥណ្ឌូណេស៊ីមិនទាន់មានករណីរកឃើញ អ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មីនេះនៅឡើយទេ៕