(ឡុងដ៍)៖ សារព័ត៌មានដ៏ធំរបស់អង់គ្លេស BBC បានប្រកាសថានឹងកាត់បន្ថយការងារ ៤៥០កន្លែង ពីប្រតិបត្តិការព័ត៌មានរបស់ខ្លួន ដោយនឹងគ្រប់ដណ្ដប់លើរឿងរ៉ាវ តិចជាងមុន ដើម្បីចូលរួមចំណែកសន្សំសំច្ចៃប្រាក់ ៨០លានផោន ពីកញ្ចប់ថវិកាប្រចាំឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។
នាយកសារព័ត៌មាន BBC លោកស្រី Fran Unsworth គឺជាអ្នកប្រកាសព័ត៌មានខាងលើប្រាប់បុគ្គលិក នៅថ្ងៃពុធនេះ ជាមួយការបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានរបស់ បណ្ដាញសារព័ត៌មានអង់គ្លេសមួយនេះ នឹងត្រូវប្រមូលផ្ដុំគ្នាធ្វើការងារជាក្រុម ជាជាងធ្វើការដោយផ្ដោតតែទៅលើកម្មវិធីពិសេសនានា។ លោកស្រី Unsworth បានគូសបញ្ជាក់ដូច្នេះថា៖ «យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ BBC News ក្នុងរយៈពេលមួយទសវត្សរខាងមុខ តាមរយៈការអនុវត្តនូវការសន្សំសំច្ចៃកញ្ចប់ថវិកា។ យើង បានចំណាយធនធានយ៉ាងច្រើនលើសលប់ លើការផ្សព្វផ្សាយជាលក្ខណៈប្រពៃណី ដែលនេះមិនគ្រប់គ្រាន់ឡើយសម្រាប់វិស័យឌីជីថលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា សារព័ត៌មាន BBC ត្រូវបានតម្រូវឱ្យសន្សំសំច្ចៃថវិកា ៨០លានផោន ក្នុងមួយឆ្នាំ ប៉ុន្តែសម្រេចបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ហើយលោកស្រី Fran Unsworth ក៏បានព្រមានដែរថាតម្លៃអាជ្ញាប័ណ្ណ អាចនឹងបង្ខំឱ្យមានការកាត់បន្ថយការងារនៅពេលអនាគត៕