(អាមេរិក)៖ ពលរដ្ឋអាមេរិកជិត ២០០នាក់ ដែលត្រូវបានជម្លៀសខ្លួនពីប្រទេសចិន នៅចំពោះមុខការវាយលុកនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) បានមកដល់មូលដ្ឋានទ័ពអាមេរិកមួយនៅរដ្ឋកាលីហ្វរញ៉ា នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ហើយពួកគេនឹងត្រូវស្ថិតនៅទីនោះ សម្រាប់រយៈពេលយ៉ាងហោច ៧២ម៉ោងដើម្បីរង់ចាំការវាយតម្លៃឲ្យបានច្បាស់ ទៅលើស្ថានភាពសុខភាពរបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
ពលរដ្ឋអាមេរិកទាំងជិត ២០០នាក់នោះដែលភាគច្រើនជាមន្រ្តីទូត និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសចេញពីទីក្រុងវូហាន (Wuhan) របស់ចិន តាមរយៈយន្តហោះពិសេសមួយដែលរដ្ឋាភិបាលអាមេរិក បានរៀបចំបញ្ជូនទៅកាន់ប្រទេសចិន ក្រោយមានការព្រមព្រៀងជាមួយនឹង រដ្ឋាភិបាលទីក្រុងប៉េកាំង។ យន្តហោះនោះបានឈប់នៅរដ្ឋអាឡាស្កា (Alaska) ដើម្បីចាក់សាំងកាលពីយប់ថ្ងៃអង្គារ (ពេលវេលាក្នុងតំបន់) មុនពេលបន្ត ឆ្ពោះទៅចុះចតនៅមូលដ្ឋានយោធា ម៉ាច (March Air Reserve Base) នៅចម្ងាយជិត ១០០គីឡូម៉ែត្រភាគខាងកើតទីក្រុង ឡូសអាន់ជែឡេស (Los Angeles)។
គួរជម្រាបថា បើតាមអាជ្ញាធរអាមេរិក មុនពេលឡើងយន្តហោះចេញពីក្រុង Wuhan អ្នកដំណើរទាំង ១៩៥នាក់ ត្រូវបានស្គែនមើលដោយអាជ្ញាធរចិន និងអាជ្ញាធរអាមេរិកម្តង ហើយនៅពេលមកដល់រដ្ឋ Alaska ក៏បានឆ្លងកាត់ការស្គែនម្តងទៀត។ ពួកគេទាំងអស់បានយល់ព្រមឲ្យអាជ្ញាធរអាមេរិក ដាក់ឲ្យនៅកន្លែងពិសេសដាច់ដោយឡែកពីគេមួយ នៅមូលដ្ឋានទ័ពខាងលើសម្រាប់រយៈពេល ៧២ម៉ោង។ គិតត្រឹមពេល នេះ មិនទាន់មាននរណាម្នាក់ បង្ហាញរោគសញ្ញាគួរឲ្យសង្ស័យនៅឡើយទេ ប៉ុន្តែអាជ្ញាធរអាមេរិកបានអះអាងថា នឹងបន្តធ្វើការតាមដានអ្នក ទាំងនោះយ៉ាងយកចិត្តទុកដាក់។ ដោយឡែកកន្លងមកនេះ ក៏មានករណីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ០៥ករណីនៅសហរដ្ឋអាមេរិកផងដែរ៕