(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានជម្រុញក៏ដូចជាអំពាវនាវ ឱ្យប្រជាជនរក្សាភាពស្ងាប់ស្ងាត់ និងកុំភ័យខ្លាចជ្រុលហួសហេតុពេក ខណៈរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង ៧០០នាក់ចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីដែលវីរុសកូរ៉ូណាផ្ទុះឡើងដំបូងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះ និងចំពេលកំពុងមានបាតុកម្មតវ៉ា ប្រឆាំងនឹងការរៀបចំទីតាំងសម្រាប់អ្នកមានផ្ទុកវីរុសកូរ៉ូណា លោក មូន បានគូសបញ្ជាក់ដូច្នេះថា «អាវុធដែលការពារយើងពីវីរុសកូរ៉ូណា គឺបញ្ចប់ភាពភ័យខ្លាច, ការរើសអើង ហើយបង្កើនការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានថ្កោលទោសផងដែរចំពោះការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ឬ fake News ដែលកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជន។

គួរជម្រាបថា ជើងហោះហើរដំបូងក្នុងចំណោមជើងហោះហើរចំនួន ០៤ ទៅកាន់ទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋកូរ៉េខាងត្បូងជាង ៧០០នាក់ បានចាកចេញពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែស្រាប់តែពន្យារពេលទៅវិញដោយមិនដឹងមូលហេតុ។ យ៉ាងណាក៏ដោយ ជើងហោះហើរនេះត្រូវបានគេរំពឹងថា នឹងចេញដំណើរនៅរសៀល ឬល្ងាចថ្ងៃដដែល។ បច្ចុប្បន្ននេះនៅកូរ៉េខាងត្បូងមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីសរុប ០៤នាក់ ដោយពួកគេសុទ្ធតែបានធ្វើដំណើរពីទីក្រុងវូហាន (Wuhan)៕