(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់ ដែលឆ្ពោះទៅនិងមកពីបណ្តាតំបន់ដែលរងការវាយប្រហារខ្លាំង ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី នៅប្រទេសចិន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន VN Express នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ តំបន់និងខេត្តទាំងអស់នៅក្នុងប្រទេសចិន សុទ្ធតែមានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ខណៈខេត្ត Hubei មានចំនួនច្រើនខ្លាំងជាងគេ ព្រោះទីក្រុង Wuhan ដែលប្រភពដើមនៃការផ្ទុះវីរុសស្ថិតនៅទីនោះ។ បើតាមអាជ្ញាធរចិន អ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅចិនបានកើនដល់៧,៧១១នាក់នាក់ និងបានផ្តាច់ជីវិតមនុស្ស១៧០នាក់ហើយនៅទីនោះ (មិនមានករណីអ្នកបាត់បង់ជីវិតនៅក្រៅ ប្រទេសឡើយ)។

ក្រៅពីការផ្អាកជើងហោះហើរជាមួយបណ្តាតំបន់រងការវាយប្រហារដោយវីរុសនៅចិន អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម កំពុងតែបន្ត ការត្រួតពិនិត្យអ្នកដំណើរនានា ដែលចូលមកដល់ប្រទេសវៀតណាម។ ករណីអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅវៀតណាម នៅមិនទាន់មានការកើនឡើងនោះឡើយ គឺនៅ០២ករណីដដែល ហើយសុទ្ធតែជាជនជាតិចិន ពុំមានជនជាតិវៀតណាមណាម្នាក់បានឆ្លង ទេ។

គួរជម្រាបថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ វៀតណាមមានករណីសង្ស័យចំនួន៦៤នាក់ ដែលអ្នកទាំងនោះបានបង្ហាញរោគសញ្ញាគ្រុនក្តៅ និង ក្អក ហើយសុទ្ធតែបានធ្វើដំណើរមកពីតំបន់នៅប្រទេសចិន ដែលរងការវាយប្រហារដោយវីរុស។ ក្នុងចំណោមនោះ ៣៩នាក់ កំពុងបន្តស្ថិត ក្រោមការតាមដាន និងរង់ចាំលទ្ធផលធ្វើតេស្ត។ សម្រាប់ជនជាតិចិនទាំងពីរនាក់នៅវៀតណាម ដែលត្រូវបានពិនិត្យរកឃើញថា មានផ្ទុក វីរុសកូរ៉ូណាប្រភេទថ្មីនាពេលកន្លងទៅនេះ គឺម្នាក់បានជាសះស្បើយវិញហើយ ខណៈម្នាក់ទៀតកំពុងបន្តទទួលការព្យាបាលនៅឡើយ។

ខាងក្រោមនេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី៖

១៖ ប្រទេសចិន ឆ្លង ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២៖ ថៃ ១៤ករណី
៣៖ ជប៉ុន ១១ករណី
៤៖ សិង្ហបុរី ១០ករណី
៥៖ ទីក្រុងហុងកុង ១០ករណី
៦៖ កោះតៃវ៉ាន់ ០៨ករណី
៧៖ ទីក្រុងម៉ាកាវ ០៧ករណី
៨៖ ម៉ាឡេស៊ី ០៧ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៥ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី
១៤៖ អាល្លឺម៉ង់ ០៤ករណី
១៥៖ កាណាដា ០៣ករណី
១៦៖ វៀតណាម ០២ករណី
១៧៖ កម្ពុជា ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ នេប៉ាល់ ០១ករណី
២០៖ ហ្វាំងឡង់ ០១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕