(បាងកក)៖ អាជ្ញាធរថៃទើបតែបានប្រកាសថា ករណីចម្លងវីរុសកូរ៉ូណាថ្មីពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតនៅថៃ ត្រូវបានរកឃើញជាលើកដំបូងទៅលើអ្នករត់តាក់ស៊ីម្នាក់។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
ជុំវិញព័ត៌មានខាងលើនេះលោក ថាណារ៉ាក់ ភីផាត់ (Tanarak Pipat) នាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបានគូសបញ្ជាក់ថា «ជនជាតិថៃ (អ្នករត់តាក់ស៊ី) ដែលទើបត្រូវបានរកឃើញផ្ទុកវីរុស (កូរ៉ូណាថ្មី) មិនធ្លាប់មានប្រវត្តិ ធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ ហើយវាទំនងជារូបគាត់ បានឆ្លងពីអ្នកជំងឺណាម្នាក់ ដែលបានធ្វើដំណើរពីប្រទេសចិន...»។
គួរបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីនៅប្រទេសថៃទាំងនាពេលនេះគឺសរុបមាន ១៩នាក់ ក្នុងនោះម្នាក់ជាអ្នកតាក់ស៊ីថៃខាងលើនេះតែម្តង និង ១៨នាក់ទៀត គឺជាជនជាតិចិន ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan) នៃប្រទេសចិន ដែលជាចំណុចផ្ទុះដ៏កក្រើកនៃវីរុសកូរ៉ូណាថ្មី។ ដោយឡែកនៅថ្ងៃសៅរ៍ស្អែកនេះ រដ្ឋាភិបាលថៃនឹងបញ្ជូនយន្តហោះពិសេស ទៅដឹកពលរដ្ឋខ្លួន ១៦១នាក់ ពីវូហានផងដែរ។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណី
តួលេខខាងលើនេះគិតត្រឹមវេលាម៉ោង ៥៖៣០នាទីរសៀល ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕