(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ចំនួន ៣ករណីបន្ថែមទៀត ដែលធ្វើឲ្យករណីសរុបនៅសិង្ហបុរីកើនដល់១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

ក្នុងចំណោមករណីថ្មីទាំង៣ មានម្នាក់ជាបុរសជនជាតិចិនអាយុ៣១ឆ្នាំ ធ្វើការនៅសិង្ហបុរី។ គាត់បានចេញពីក្រុង Wuhan របស់ចិន ហើយមកដល់សិង្ហបុរី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខណៈម្នាក់ទៀតជាស្រ្តីជនជាតិសិង្ហបុរីផ្ទាល់អាយុ៤៧ឆ្នាំ។ គាត់បានធ្វើ ដំណើរទៅ Wuhan ជាមួយគ្រួសារ និងស្ថិតក្នុងចំណោមជនជាតិសិង្ហបុរីចំនួន៩២នាក់ ដែលត្រូវបានជម្លៀសចេញទីក្រុង Wuhan តាមជើងហោះហើរពិសេសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មកកាន់ប្រទេសសិង្ហបុរីវិញ។ រីឯម្នាក់ចុងក្រោយ ជាបុរសជនជាតិចិនអាយុ៣៨ឆ្នាំ។ គាត់បានមក ដល់សិង្ហបុរីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រោយចេញពី Wuhan។ អ្នកទាំងបី កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យនិង មជ្ឈមមណ្ឌលជំងឺឆ្លងរបស់ប្រទេសសិង្ហបុរី។

គួរជម្រាបថា ករណីមុនៗទាំង១៣នៃអ្នកផ្ទុកវីរុស ដែលត្រូវបានរកឃើញនៅសិង្ហបុរីនាពេលកន្លងមក គឺសុទ្ធតែជាអ្នកមកពី Wuhan នៃ ខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដោយករណីដំបូងគេត្រូវបានប្រកាសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងចំណោមករណីទាំង១៣នោះ មាន បុរស៧នាក់ និងស្រ្តី៦នាក់ អាយុចន្លោះ៣១-៧៣ឆ្នាំ។

ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖

១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ប្រទេសថៃ ១៩ករណីឆ្លង
៣៖ ប្រទេសសិង្ហបុរី ១៦ករណីឆ្លង
៤៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៥៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៦៖ ប្រទេសកូរ៉េខាងត្បូង ១១ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៩៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១០៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៨៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៥៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង

តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៩៖៤០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕