(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង៤៧ឆ្នាំមកនេះ និងជាងបីឆ្នាំកន្លះ ក្រោយការបោះឆ្នោតប្រជាមតិ Brexit។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

ការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស ធ្វើឡើងនៅម៉ោង១១៖០១នាទីយប់ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) អមទៅដោយការអបអរសាទរពីសំណាក់អ្នកគាំទ្រ Brexit និងបាតុកម្មតវ៉ារបស់ក្រុមអ្នកប្រឆាំង Brexit។ ប៉ុន្តែ ចក្រភពអង់គ្លេស នឹងត្រូវ ស្ថិតនៅក្នុងរយៈពេលអន្តរកាលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយនៅក្នុងរយៈពេលនេះ ចក្រភពអង់គ្លេសនៅតែជាសមាជិក សហភាពអឺរ៉ុបដដែល តែមានតែឈ្មោះប៉ុណ្ណោះ ដោយនឹងលែងមានតំណាង ព្រមទាំងមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុប ទៀតនោះទេ ខណៈទង់ជាតិចក្រភពអង់គ្លេស នឹងត្រូវដកចេញពីគ្រប់ស្ថាប័នអឺរ៉ុបទាំងអស់។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសមានរយៈពេល ១១ខែ ដើម្បីការចរចាពីអនាគតនៃទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប។ ក្នុងករណី មិនអាចឈានដល់កិច្ចព្រមព្រៀង នោះវានឹងធ្វើឱ្យ Brexit មានស្ថានភាពលំបាកបំផុត ដែលអាចនឹងបង្កឱ្យខូចខាតដល់សេដ្ឋកិច្ច ទាំងសងខាង ឬក៏ពិភពលោកតែម្ដង។ កិច្ចចរចាជាផ្លូវការនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៣ ខែមីនាខាងមុខនេះតទៅ ហើយក្នុងពេល ជាមួយគ្នា ភាគីទាំងពីរនឹងដាក់ចេញនូវអាទិភាពរៀងៗខ្លួន ព្រមទាំងបន្ទាត់ក្រហមរបស់ពួកគេផងដែរ៕