(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំងបានប្រកាសថា ក្រុមហ៊ុននានាដែលកំពុងមានប្រតិបត្តិការ នៅក្នុងរដ្ឋធានីមួយនេះគួរតែរៀបចំ និងអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការងារពីផ្ទះទៅវិញ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី 2019-nCoV។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

មិនមែនគ្រប់បុគ្គលិកទាំងអស់ សុទ្ធតែអាចធ្វើការពីផ្ទះនោះឡើយ ដោយអាជ្ញាធរបានបញ្ជាក់ថា បណ្តាបុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យ ដែលរួមចំណែក យ៉ាងសំខាន់ដល់ការទប់ស្កាត់វីរុសកូរ៉ូណាដូចជា ផ្នែកផ្គត់ផ្គង់អគ្គិសនី ទឹក និងសេវាសាធារណៈចាំបាច់មួយចំនួនទៀត ពួកគេនៅតែត្រូវទៅបម្រើការងារជាធម្មតា ប៉ុន្តែត្រូវមានការការពារខ្លួនឯងឲ្យបានប្រសើរ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានណែនាំឲ្យស្ថាប័ននានាទាំងរដ្ឋ និងឯកជន ត្រូវតែធ្វើការត្រួតពិនិត្យសុខភាពបុគ្គិលិកខ្លួនជាប់ជានិច្ច ជាពិសេសផ្នែកសីតុណ្ហភាពរាងកាយ ហើយត្រូវធានាថា កិច្ចការពារប្រឆាំងវីរុសកូរ៉ូណាថ្មី តែងតែស្ថិតនៅក្នុងភារកិច្ចជួរមុខជានិច្ច។
អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈមនុស្សចំនួនលើស ១១,០០០នាក់ទៀតបានឆ្លង។ បើតាមអាជ្ញាធរសុខាភិបាលរបស់ចិនបានឲ្យដឹងថា មានមនុស្សចំនួន ២៤៣នាក់បានធូរស្បើយពីជំងឺផ្លូវដង្ហើមកូរ៉ូណា៕