(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជានឹងមានភាគរយកាន់តែខ្ពស់ថានឹងអាចរួចផុតពីការដកតំណែង បន្ទាប់ពីព្រឹទ្ធសភា បោះឆ្នោត ប្រឆាំងការអនុញ្ញាតឱ្យមានសាក្សីថ្មី និងភស្តុតាងបន្ថែម នៅក្នុងសវនាការលើនីតិវិធីដកតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈការបោះឆ្នោតក្នុងសំឡេង៥១ ទល់នឹង៤៩សំឡេង នៅថ្ងៃសុក្រសប្ដាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ៥១នាក់ បានបញ្ឈប់ ការព្យាយាមរបស់សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ដែលចង់បន្ថែមភស្ដុតាងថ្មី និងអនុញ្ញាតឱ្យអតីតទីប្រឹក្សាសន្តិសុខជាតិ លោក ចន បូលតុន បង្ហាញខ្លួន ចំពោះមុខសវនាការ ក្នុងនាមជាសាក្សីដ៏សំខាន់។ លោក បូលតុន គឺជាមនុស្សម្នាក់ ដែលត្រូវគេជឿជាក់ថាបានដឹងថាលោក ត្រាំ ដាក់សម្ពាធឱ្យអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងលោក Joe Biden ដែលជាគូប្រជែងរបស់លោក ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០។

តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តខាងលើរបស់ព្រឹទ្ធសភា បង្ហាញថាលោក ដូណាល់ ត្រាំ ទំនងជានឹងមានភាគរយកាន់តែខ្ពស់ ដោយនឹងអាចរួចផុតពីការដក តំណែង ខណៈការបោះឆ្នោតចុងក្រោយថាតើដក ឬមិនដកតំណែងលោក ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្ដាហ៍ក្រោយ វេលាម៉ោង ៤៖០០នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដំណើរការនីតិវិធីដកតំណែងកាលពីខែធ្នូ ឆ្នាំ២០១៩ ជាមួយការចោទប្រកាន់ពីបទរំលោភអំណាច និងបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភា ជុំវិញសំណុំរឿងអ៊ុយក្រែន។ តាមរយៈការចោទប្រកាន់នេះ លោក ត្រាំ បានក្លាយជាប្រធានាធិបតីទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើរការនិតិវិធីដកតំណែង។ ក៏ប៉ុន្តែ ដោយសារតែ បច្ចុប្បន្ន ព្រឹទ្ធសភា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ លោក ត្រាំ ក៏ត្រូវបានគេរំពឹងដែរថានឹងក្លាយជាប្រធានាធិបតីទី៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលគេចផុតពីការដកតំណែង បន្ទាប់ពីលោក ប៊ីល គ្លីនតុន និងលោក អែនឌ្រូ ចនសុន (Andrew Johnson)។

ដើម្បីដកតំណែងលោក ត្រាំ ព្រឹទ្ធសភាត្រូវការសំឡេងភាគច្រើនពីរភាគបី ក្នុងចំណោមសមាជិកព្រឹទ្ធសភា១០០នាក់ ដែលក្នុងនោះមាន៥៣នាក់ មកពីគណបក្ស សាធារណរដ្ឋ ហើយពួកគេទាំងនេះក៏មិនបានបង្ហាញពីចេតនាបោះឆ្នោតប្រឆាំងនឹងលោក ត្រាំ នោះដែរ៕