(សៀងហៃ)៖ រដ្ឋាភិបាលអង់គ្លេស បានសម្រេចចិត្តដកបុគ្គលិកមួយចំនួន ចេញពីស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំប្រទេសចិន ដោយសារតែការព្រួយបារម្ភ ពីការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលអង់គ្លេស បានគូសបញ្ជាក់ដូច្នេះថា៖ «ចាប់ពីថ្ងៃទី៣១ ខែមករាតទៅ បុគ្គលិកមួយចំនួនបម្រើការ នៅស្ថានទូត និងស្ថានកុងស៊ុលអង់គ្លេស ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ នឹងត្រូវចាកចេញពីប្រទេសចិន។ ចំណែកឯ បុគ្គលិកដែលកំពុងបំពេញការងារចាំបាច់ នានានឹងបន្តស្ថិតនៅដដែល។ ដូច្នេះ នៅក្នុងករណីស្ថានភាពកាន់តែធ្ងន់ធ្ងរ លទ្ធភាពរបស់ស្ថានទូត និងស្ថានកុងស៊ុលអង់គ្លេស ក្នុងការផ្ដល់ជំនួយដល់ពលរដ្ឋអង់គ្លេស នៅក្នុងប្រទេសចិន អាចនឹងមានដែនកំណត់»

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ក្រសួងការបរទេសអាមេរិក ក៏បានតម្រូវឱ្យសមាជិកគ្រួសារនៃបុគ្គលិក ប្រចាំស្ថានទូតអាមេរិក ក្នុងទីក្រុងប៉េកាំង ដែលមានអាយុក្រោម ២១ឆ្នាំ ចាកចេញពីប្រទេសចិនជាបន្ទាន់ផងដែរ។ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លង ដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក ក្នុងនោះរួមមានទាំងនៅអង់គ្លេស ២ករណី។

ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖

១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៣ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៦ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើ គិតត្រឹមវេលាម៉ោង ២៖២៦នាទីរសៀល ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕