(ប៉េកាំង)៖ ជាការបង្កើតវិធានការដើម្បីទប់ទល់វីរុសកូរ៉េណាប្រភេទថ្មី (2019-nCoV) ដែលកំពុងផ្ទុះឡើងស្ទើរពាសពេញផ្ទៃប្រទេសនោះ អាជ្ញាធរចិននៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីអំពាវនាវមួយ ឲ្យប្រជាពលរដ្ឋទាំងឡាយផ្អាកពិធីរៀបមង្គលការសិន និងពិធីបុណ្យសពនានា គួរបន្ថយពេលវេលាឲ្យនៅខ្លីតាមដែលធ្វើបាន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២០។

ការប្រកាសរបស់អាជ្ញាធរចិនខាងលើនេះ គឺបានកើតមានឡើងនៅមុនថ្ងៃអាទិត្យស្អែកនេះ ដែលជាពេលវេលាចុងសប្តាហ៍ ហើយក៏នឹងចំថ្ងៃទី០២ ខែ២ ឆ្នាំ២០២០ (០២.០២. ២០២០) ជាថ្ងៃពិសេសសម្រាប់គូស្នេហ៍នានា ជ្រើសយកដើម្បីរៀបអាពាហ៍ពិពាហ៍។ ទោះបីជាបែបនេះក្តី នេះគឺជាការអំពាវនាវប៉ុណ្ណោះ ហើយប្រជាជនទាំងអស់ ក៏ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅចិន បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈជិត ១២,០០០នាក់ទៀងឆ្លងនៅទូទាំងប្រទេស។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖

១៖ ប្រទេសចិនឆ្លង ១១,៨២១ករណី និងបាត់បង់ជីវិត ២៥៩នាក់
២៖ ទីក្រុងហុងកុង ១៣ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៦ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
២៥៖ រុស្ស៉ី ០២ករណីឆ្លង
២៦៖ ស៊ុយអែត ០១ករណីឆ្លង
២៧៖ អេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕