(ប៉េកាំង)៖ ធនាគារកណ្តាលចិននាថ្ងៃអាទិត្យនេះ បានប្រកាសថា ខ្លួននឹងចាក់បញ្ចូលលុយទំហំ១.២ទ្រីលានយ័ន ទៅក្នុងសេដ្ឋកិច្ច ដើម្បីជួយដល់កិច្ចប្រឹងប្រែងនៅទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី ដែលត្រូវគេរំពឹងថា ច្បាស់ជានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅ រសៀលថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ធនាគារកណ្តាលចិនបានសេចក្តីថ្លែងការណ៍ថា ខ្លួននឹងបញ្ចេញលុយ១.២ទ្រីលានយ័ន ស្មើនឹង១៧៣ពាន់លានដុល្លារអាមេរិក តាមរយៈ ប្រតិបត្តិការហិរញ្ញវត្ថុមួយនៅថ្ងៃចន្ទស្អែកនេះ ជាពេលទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសចិនត្រូវបើកឡើងវិញ ក្រោយបានបិទទ្វារកាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មុនឱកាសបុណ្យចូលឆ្នាំចិន។ ពីដំបូងឡើយ ពួកវាគ្រោងត្រូវបើកឡើងវិញកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែត្រូវបានពន្យារដល់ថ្ងៃចន្ទស្អែក ដោយសារចិនបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ក្រោមគោលបំណងកាត់បន្ថយ ហានិភ័យនៃការរីករាលដាលវីរុសកូរ៉ូណា ដែលបានលេចឡើងនៅទីក្រុង Wuhan កាលពីខែធ្នូ ឆ្នាំ២០១៩ ហើយផ្ទុះខ្លាំងកំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

គួរជម្រាបថា ចំណាត់ការបញ្ចេញទុនបម្រុងរបស់ធនាគារកណ្តាលចិន គឺមានគោលបំណងជួយរក្សាតុល្យភាពសេដ្ឋកិច្ចប្រទេសចិន នៅចំពោះមុខការវាយប្រហារយ៉ាងខ្លាំងក្លា ពីសំណាក់វីរុសកូរ៉ូណា 2019-nCoV ដែលបានផ្តាច់ជិវិតមនុស្សកើនដល់ជាង៣០០នាក់ និងឆ្លងដល់ច្រើនជាង១៤,០០០នាក់ នៅក្នុងប្រទេសចិន។ កាលពីឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចចិនស្ថិតនៅត្រឹម៦.‌១ភាគរយ ដែលជាអត្រាទាបបំផុត ក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ ហើយគាប់ជួនឥឡូវ មានការរីករាលដាលនៃវីរុសថែមទៀតនោះ ក្រុមអ្នកជំនាញបានព្រមានថា វាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិនកាន់តែខ្លាំងថែមទៀត៕