(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelenskiy) បានបង្ហាញការមិនពេញចិត្តនោះឡើយចំពោះទំហំនៃសំណង ដែលប្រទេសអ៉ីរ៉ង់បានផ្តល់ឲ្យគ្រួសារនៃពលរដ្ឋអ៊ុយក្រែន ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ច្រឡំបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន នៅទីក្រុងតេហេរ៉ង់កាលពីខែមុន ហើយលោកនឹងទាមទារឲ្យមាន ការផ្តល់សំណងច្រើនជាងនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Zelenskiy បានលើកឡើងដូច្នេះថា «ខាងអ៉ីរ៉ង់បានស្នើភ្លាមៗមកកាន់យើងថា នឹងផ្តល់សំណងជាទឹកប្រាក់ចំនួន ៨០,០០០ដុល្លារអាមេរិកសម្រាប់មួយគ្រួសារ ប៉ុន្តែវាដូចជាតិចខ្លាំងណាស់ ហេតុនេះយើងនឹងធ្វើការទាមទារឲ្យច្រើនជាងនេះថែមទៀត»។ ជាមួយគ្នានោះដែរ លោកប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ប្រទេសលោកនៅ តែកំពុងបន្តរង់ចាំអ៉ីរ៉ង់ធ្វើការប្រគល់ប្រអប់ខ្មៅ របស់យន្តហោះដែលត្រូវបានបាញ់ធ្លាក់ផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ជាថ្ងៃដែលអ៉ីរ៉ង់បានបាញ់មីស៊ីល ស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់ ដើម្បីជាការសងសឹង ចំពោះការសម្លាប់មេទ័ពកំពូលរបស់ខ្លួន ហើយក៏ជាពេលដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសអន្តរជាតិអ៊ុយក្រែន ត្រូវបានមីស៊ីលបាញ់ធ្លាក់ ក្រោយហោះឡើងចេញពីអាកាសយានដ្ឋាន នៅរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់ ដើម្បីឆ្ពោះទៅកាន់ទីក្រុងកៀវរបស់អ៊ុយក្រែន។
ពីដំបូងឡើយមានការបដិសេធ ប៉ុន្តែនៅទីបំផុតអ៉ីរ៉ង់ក៏បានសារភាពថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ពិតជាបានបាញ់ទម្លាក់យន្តហោះស៊ីវិលនោះមែន និងដោយអចេតនា។ មនុស្សសរុបទាំងអស់ ១៧៦នាក់ដែលស្ថិតនៅលើយន្តហោះ ដោយមានពលរដ្ឋអ៊ុយក្រែន ១១នាក់បានបាត់បង់ជីវិត៕