(វូហាន)៖ ភ្នាក់ងាររបស់សារព័ត៌មានអាមេរិក New York Times បានរាយកាណ៍ថា ស្ថានភាពវីរុសកូរ៉ូណានៅទីក្រុងវូហាន (Wuhan) ដែលជាចំណុចចាប់ផ្តើមដំបូង នៃការផ្ទុះឡើងនូវវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មីកំពុងតែមានភាពយ៉ាប់យ៉ឺនខ្លាំង ដោយប្រជាជនដែលស្ថិតនៅទីនោះ កំពុងប្រឈមនឹងភាពលំបាកក្នុងការទទួលបានឱកាស ធ្វើតេស្តពិនិត្យរកមើលវីរុស និងព្យាបាល។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន New York Times នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
តាមរយៈការសម្ភាសន៍ជាមួយប្រជាពលរដ្ឋចិន ដែលកំពុងស្ថិតនៅក្នុងទីក្រុង Wuhan ដែលត្រូវបានអាជ្ញាធរចិនបិទការចេញចូល ចាប់តាំងពីខែមុនមកនោះបានឲ្យដឹងថា ពួកគេកំពុងតែជួបការលំបាកខ្លាំង ជាពិសេសក្នុងការទៅរកពេទ្យឲ្យធ្វើរោគវិនិច្ឆ័យ ដើម្បីពិនិត្យរកមើញវីរុស ព្រោះមន្ទីរពេទ្យនានាសុទ្ធតែមានមនុស្សច្រើនកកកុញ ហើយសម្ភារៈសម្រាប់ធ្វើតេស្តក៏ខ្វះខាតថែមទៀត។ ភាគច្រើនពួកគេត្រូវបង្ខំចិត្តត្រឡប់ទៅផ្ទះវិញ ទាំងមានអាការៈក្តៅខ្លួនជាដើម បើទោះបីជាសង្ស័យថា ពួកខ្លួនទំនងជាបានឆ្លងវីរុសកូរ៉ូណាថ្មីក៏ដោយ។
យ៉ាងណាមិញ ប្រជាជនចិននៅក្រុង Wuhan កំពុងតែផ្តោតក្តីសង្ឃឹមលើមន្ទីរពេទ្យបណ្តោះអាសន្នចំនួនពីរ ទើបតែសាងសង់ឡើង ហើយមួយក្នុងចំណោមនោះដែលមានចំណុះ ១,០០០គ្រែនឹងត្រូវដំណើរការនៅថ្ងៃចន្ទនេះហើយ ខណៈមួយទៀតនឹងបញ្ចប់ការ សាងសង់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ មន្ទីរពេទ្យទាំងពីរត្រូវបានសង់ឡើងជាពិសេស ដើម្បីជួយផ្តល់ការពិនិត្យ ក៏ដូចជាព្យាបាលដល់អ្នកជំងឺវីរុសកូរ៉ូណានៅ Wuhan។
គួរជម្រាបថា ចំនួនអ្នកសា្លប់ដោយសារវីរុសកូរ៉ូណា នៅប្រទេសចិន បានកើនដល់៣៦១នាក់ហើយ និងច្រើនជាង ១៧,២០៩នាក់បានឆ្លង ហើយ៤៧៥ នាក់បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕