(ហាណូយ)៖ អាជ្ញាធរវៀតណាមបានទទួលស្គាល់ពីការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ០៣ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ០៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលវៀតណាម វីរុសកូរ៉ូណាថ្មីត្រូវបានរកឃើញក្នុងខ្លួនមនុស្សបីនាក់ នៅលើជើងហោះហើរតែមួយពីទីក្រុងវូហាន (Wuhan) ប្រទេសចិន មកកាន់ប្រទេសវៀតណាម ហើយពួកគេធ្លាប់មានប្រវត្តិទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺ ០៣នាក់មុនៗដែលត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី៣០ ខែមករា។ បច្ចុប្បន្នខេត្តចំនួន ០៤ ក្នុងចំណោមខេត្តទាំង ៦៣ របស់វៀតណាមត្រូវបានគេអះអាងថា មានករណីឆ្លងវីរុសកូរ៉ូណា ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទីក្រុងហាណូយក៏បានប្រកាសភាពអាសន្ន ផ្នែកសុខាភិបាល ព្រមទាំងអះអាងថា ខ្លួននឹងបញ្ឈប់រាល់ការហោះហើរទៅ និងមកពីប្រទេសចិនជាបណ្ដោះអាសន្នផងដែរផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ និង ១៧,២០៩នាក់បានឆ្លង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖

១៖ ប្រទេសចិនឆ្លង ១៤,៣៨០ករណី និងបាត់បង់ជីវិត ៣០៤នាក់
២៖ ទីក្រុងហុងកុង ១៤ករណីឆ្លង
៣៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៥ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ០៨ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ០៨ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៨ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង, ស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើគឺគិតត្រឹមម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។