(វូហាន)៖ យន្ដហោះដឹកជញ្ជូនសរុបចំនួន ០៨គ្រឿង មកពីកងកម្លាំងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិវូហានធានហេ (Wuhan Tianhe International Airport) កាលពីថ្ងៃអាទិត្យ ជាមួយបុគ្គលិកពេទ្យយោធា ៧៩៥នាក់ និងបរិក្ខារពេទ្យ ៥៨តោន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានផ្ដាច់ជីវិតមនុស្ស ៣៦១នាក់ និង ១៧,២០៩នាក់បានឆ្លង នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
យន្ដហោះដឹកជញ្ជូនខាងលើ បានចាកចេញពីមូលដ្ឋានយោធាមួយកាលពីថ្ងៃអាទិត្យម្សិលមិញ និងបានទៅដល់ទីក្រុង សិនយ៉ាង (Shenyang), ឡានចូវ (Lanzhou), ក្វាងចូវ (Guangzhou) ព្រមទាំងទីក្រុង ណាននីង (Nanjing) ហើយក្រោយទម្លាក់បុគ្គលិកពេទ្យយោធា និងបិរក្ខារពេទ្យ យន្ដហោះទាំងនេះបានបន្តដំណើរជាថ្មី និងបានទៅដល់ទីក្រុង វូហាន ដោយជោគជ័យនៅចន្លោះម៉ោង ៨៖៥៥ និងម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ។
គួរជម្រាបថា នេះគឺជាការបញ្ជូនយន្ដហោះដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតមួយ របស់កងទ័ពរំដោះប្រជាជនចិន ដែលមិនស្ថិតនៅក្រោមប្រតិបត្តិការយោធា បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដោយរញ្ជួយដីនៅឆ្នាំ២០០៨ ក្នុងខេត្ត ស៊ីឈាន់ (Sichuan) និងគ្រោះរញ្ជូយដីវាយប្រហារខេត្ត ឈីងហៃ (Qinghai) នៅឆ្នាំ២០១០៕