(ឌូបៃ)៖ រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍អ៉ីរ៉ង់ លោក Mohammad Javad Azari-Jahromi បានឱ្យដឹងថា ប្រទេសរបស់លោកនឹង បាញ់បង្ហោះផ្កាយរណបមួយទៅចូលទៅកាន់គន្លងតារាវិថី នៅចុងសប្ដាហ៍នេះ ចំពេលកំពុងមានតានតឹងជាមួយសហរដ្ឋអាមេរិក ដែលចោទថាកម្មវិធី នេះមានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលបាលិស្ទីគអន្តរទ្វីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទនេះ លោក Azari-Jahromi បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនខ្លាចការបរាជ័យឡើយ ហើយក៏នឹង មិនបាត់បង់ក្ដីសង្ឃឹមដែរ។ ជាមួយការបន់ស្រន់របស់យើង និងការជឿជាក់លើព្រះជាម្ចាស់ ផ្កាយរណបឈ្មោះ Zafar នឹងត្រូវបានបាញ់បង្ហោះ នៅចុងសប្ដាហ៍នេះ...ដោយវានឹងចូលទៅគន្លងតារាវិថីនៅចំងាយ ៥៣០គីឡូម៉ែត្រពីផែនដី»។
គួរជម្រាបថា អ៉ីរ៉ង់ បានបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចំនួនពីរលើករួចមកហើយ កាលពីឆ្នាំ២០១៩។ ចំណែកឯ សហរដ្ឋអាមេរិក បានចោទថា អ៉ីរ៉ង់មានចេតនាប្រើប្រាស់កម្មវិធីផ្កាយរណបស៊ីវិល ដើម្បីលួចលាក់អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ដែលមានសមត្ថភាពបំពាល់ក្បាល គ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ បានបដិសេធជាមួយការអះអាងថាមិនបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរ នោះឡើយ៕