(ហ្សឺណែវ)៖ អាជ្ញាធរចិនបានយល់ព្រមឲ្យក្រុមជំនាញសុខាភិបាល នៃសហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេសនេះ ដើម្បីអនុលោមតាមកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ សុខភាពពិភពលោក (WHO) ក្នុងការរួបរួមគ្នាជាសកល ប្រយុទ្ធប្រឆាំងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (2019-nCoV) ដែលគ្មានសញ្ញាធូរស្រាលនោះឡើយ នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកនាំពាក្យ WHO បានបញ្ជាក់នៅដើមសប្តាហ៍ថ្មីនេះថា ក្រុមជំនាញអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក នឹងចូលទៅក្នុងប្រទេសចិនក្នុងសប្តាហ៍ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីវីរុសកូរ៉ូណាប្រភេទថ្មី ក្រោយពីមានការឯកភាពគ្នា រវាងប្រធាន WHO និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នៅក្នុងនោះទៀតសោត ក្រុមជំនាញសុខាភិបាលនៃសហរដ្ឋអាមេរិក ក៏នឹងត្រូវចូលរួមជាមួយក្រុមអន្តរជាតិ ទៅកាន់ប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា ក្រុមជំនាញអន្តរជាតិខាងលើនេះ នឹងស្វែងយល់អំពីវីរុសកូរ៉ូណាថ្មី ព្រមទាំងការទស្សនកិច្ចមន្ទីរពិសោធន៍ និងទប់ស្កាត់ជំងឺឆ្លងនានារបស់ចិន ហើយក៏នឹងសហការជាមួយមន្ត្រីជំនាញចិន ដើម្បីបង្កើតវិធានការទប់ស្កាត់វីរុសកូរ៉ូណា ជាលក្ខណៈអន្តរជាតិផងដែរ។ មនុស្សប្រមាណ ៤២៥នាក់ហើយបានស្លាប់ និងជាង ២០,៤០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងខេត្ត និងតំបន់ស្វយ័តសរុបចំនួន ៣១របស់ចិន គិតត្រឹមព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង៕