(តូក្យូ)៖ អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់មនុស្ស ៣,៥០០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឱ្យនៅឆ្ងាយដាច់ពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកដំណើរនៅលើនោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចូលទៅក្នុងកប៉ាល់ឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលបានចូលសំចតនៅឯកំពុងផែនៃទីក្រុង យ៉ូកូហាម៉ា (Yokohama) កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរទាំងអស់ ២,៥០០នាក់ និង ១,០០០នាក់ទៀតជាសមាជិកនាវិក។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ក្រោយអ្នកដំណើរម្នាក់អាយុ ៨០ឆ្នាំ ដែលបានចាកចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែមករា ត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណាហើយការធ្វើតេស្ដលើមនុស្សទំាង ៣,៥០០នាក់នៅលើកប៉ាល់ អាចនឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលជប៉ុន គិតមកត្រឹមថ្ងៃចន្ទសប្ដាហ៍នេះមនុស្ស ២០នាក់ត្រូវបានធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុន ហើយក្នុងចំណោមពួកគេមាន ០៤នាក់ មិនទាន់បញ្ចេញរោគសញ្ញា។ ជប៉ុនបានដឹកពលរដ្ឋរបស់ខ្លួនច្រើនជាង ៥០០នាក់ ចេញពីទីក្រុងវូហាន (Wuhan) ហើយក៏បានហាមជនបរទេសទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅកានខេត្ត Hubei នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចូលក្នុងប្រទេសផងដែរ៕