(ប៉េកាំង)៖ មន្ត្រីពីរនាក់នៅក្នុងប្រទេសចិន ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីក្មេងប្រុសពិការខួរក្បាលម្នាក់បានស្លាប់កំឡុងឪពុករបស់ខ្លួន ដែលជាអ្នកថែទាំតែមួយគត់នោះ ត្រូវបានគេដាក់ឱ្យនៅឆ្ងាយពីគេឯងដោយសង្ស័យថា បានឆ្លងវីរុសកូរ៉ូណាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្មេងប្រុសឈ្មោះ យ៉ាន ចេង (Yan Cheng) មានអាយុ ១៦ឆ្នាំ បានស្លាប់កាលពីថ្ងៃពុធសប្ដាហ៍មុន ពោលគឺមួយសប្ដាហ៍ក្រោយឪពុកក្មេងប្រុសរូបនេះ និងបងប្រុសត្រូវបានអាជ្ញាធរដាក់ឱ្យនៅឆ្ងាយពីគេឯង ហើយបើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ក្មេងប្រុស Yan Cheng ទទួលបានការបញ្ចុកអាហារតែពីរដងប៉ុណ្ណោះ ក្នុងកំឡុងពេលនោះ។ ក៏ប៉ុន្តែទាំងអគ្គលេខាធិការបក្សកុម្មុយនីស្ដ និងចៅហ្វាយក្រុងហ័រជាហេ (Huajiahe) នៃខេត្ត ហ៊ូប៉ី (Hubei) បានទាត់ចោលព័ត៌មាននេះ បើទោះជាមន្ត្រីពីរនាក់ត្រូវបានបណ្ដេញចេញពីតំណែងក៏ដោយ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនដល់ ៤២៥នាក់ហើយ ២០,៤៣៨នាក់បានឆ្លង។ ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៥ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៨ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង០៩៖៥៥នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។