(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាមួយចំនួន បានទៅដល់មន្ទីរពេទ្យធំថ្មីមួយ ដែលរដ្ឋាភិបាលចិនទើបតែបើកសម្ពោធជាផ្លូវការ ក្រោយពីបានព្យាយាមសាងសង់ទាំងយប់ទាំងថ្ងៃអស់ ១០ថ្ងៃមកនេះ នៅទីក្រុងវូហាន (Wuhan) របស់ខេត្តហ៊ូប៉ី (Hubei)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
មន្ទីរពេទ្យខាងលើនេះមានឈ្មោះថា ហួសិនសាន (Houshenshan) ជាមន្ទីរពេទ្យធំមួយក្នុងចំណោម ២ ដែលរដ្ឋាភិបាលចិនបានសម្រេចឲ្យធ្វើការសាងសង់យ៉ាងបន្ទាន់បំផុត នៅក្នុងទីក្រុងវូហាន ដើម្បីទទួលអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលបាននិងកំពុងកើនឡើងឥតឈប់ឈរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះអ្នកជំងឺឆ្លងវីរុសកកូរ៉ូណាថ្មីចំនួន ០៥នាក់ បានមកដល់មន្ទីរពេទ្យហួសិនសានមុនគេ។ មន្ទីរពេទ្យហួសិនសាន ក៏ដូចជាមន្ទីរពេទ្យមួយទៀត ដែលនឹងត្រូវបើកដំណើរការប៉ុន្មានថ្ងៃខាងមុខ គឺឡៃសិនសាន (Leishenshan) មានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលសរុបចូលគ្នាជាង ២,០០០គ្រែឯណោះ។ មន្ទីរពេទ្យទទាំងពីរនេះត្រូវបានដាក់ឲ្យ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា និងមន្ត្រីសុខាភិបាលចិនតែម្តង។
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនបានកើនដល់ ៤២៥នាក់ហើយ ២០,៤៣៨នាក់បានឆ្លង។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៥ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៨ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង ១២៖៣៥នាទីរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០៕