(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាពលរដ្ឋរបស់ខ្លួនម្នាក់ដំបូងបំផុត បានឆ្លងវីរុសកូរ៉ូណាថ្មី ស្របពេលចំនួនអ្នកឆ្លងវីរុសដែល មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិននេះ កើនដល់១០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក ហ្ស៊ុលគីភ្លី អះម៉ាត់ (Dzulkefly Ahmad) អ្នកជំងឺកូរ៉ូណាខាងលើ គឺជាបុរសម្នាក់ មានអាយុ៤១ឆ្នាំ ហើយ ពេលនេះរូបគេកំពុងស្ថិតនៅក្រោមការព្យាបាល នៅឯមន្ទីរពេទ្យ Kuala Lumpur Hospital ដោយមានស្ថានភាពសុខភាពនឹងនរ។ លោក អះម៉ាត់ បន្ថែមថា អ្នកជំងឺរូបនេះ ក៏នឹងត្រូវដាក់ឱ្យក្រោមការតាមដានត្រួតពិនិត្យ នៅក្នុងផ្ទះសម្រាប់រយៈពេល១៤ថ្ងៃផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមលើស ពីនេះទេ។
គួរជម្រាបថា បើតាមលោក ហ្ស៊ុលគីភ្លី អះម៉ាត់ មនុស្ស២០នាក់ផ្សេងទៀត កំពុងទទួលការត្រួតពិនិត្យរកវីរុសដ៏កាចសាហាវនេះយ៉ាងហ្មត់ចត់ ខណៈ
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនកើនដល់ ៤២៥នាក់ ហើយ ២០,៤៣៨នាក់បានឆ្លង។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖
១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៦ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ១០ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៨ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
តួលេខខាងលើ គឺគិតត្រឹមម៉ោង ២៖២៨នាទីរសៀល ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០៕