(វ៉ាស៊ីនតោន)៖ ទីបំផុតសវនាការជុំវិញការសម្រេចដកឬមិនដកតំណែងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានចាប់ផ្តើម នៅព្រឹទ្ធសភាអាមេរិកកាលពីពីរសប្តាហ៍មុន ត្រូវបិទបញ្ចប់ជាស្ថាពរហើយ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសម្រេចចុងក្រោយ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងឱកាសនៃកិច្ចបិទបញ្ចប់សវនាការ មេធាវីរបស់សភាតំណាងរាស្រ្តអាមេរិក លោក Adam Schiff បានប្រាប់សមាជិកព្រឹទ្ធសភាសរុបទាំង ១០០នាក់ ដែលនឹងត្រូវសម្រេចជោគវាសនារបស់លោក ដូណាល់ ត្រាំ ថា «អ្នកទាំងអស់គ្នាមិនអាចទុកចិត្តប្រធានាធិបតីរូបនេះ ឲ្យធ្វើរឿង ត្រឹម ត្រូវបានឡើយ ចូរប្រកាន់យកនូវភាពយុត្តិធម៌ឥតលម្អៀង ហើយដកតំណែងលោក ដូណាល់ ត្រាំ»។
រីឯមេធាវីរបស់សេតវិមានវិញគឺលោក Pat Cipollone បានលើកឡើងថា លោកប្រធានាធិបតីមិនបានធ្វើអ្វីខុសនោះទេ ហើយការប៉ងទម្លាក់ លោកចេញពីអំណាច ដោយក្រុមសមាជិកសភាតំណាងរាស្រ្តអាមេរិក ក្រោមបទចោទប្រកាន់ថា លោក ត្រាំ បានរំលោភអំណាច និងបង្ក ការរាំងស្ទះដល់កិច្ចស៊ើបអង្កេតរបស់សភា គឺត្រូវបានធ្វើឡើងដោយសារតែហេតុផលនយោបាយប៉ុណ្ណោះ។ លោក Cipollone សង្ឃឹមថា ព្រឹទ្ធសភាអាមេរិកនឹងធ្វើការសម្រេចចិត្តមួយដែលត្រឹមត្រូវ។
គួរជម្រាបថា ព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោតសម្រេចជាចុងក្រោយនៅម៉ោង០៤៖០០នាទីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់ នៅសហរដ្ឋអាមេរិក) ខណៈបើតាមការរំពឹងទុក លោក ដូណាល់ ត្រាំ ច្បាស់ជានឹងត្រូវបោះឆ្នោតឲ្យរួចខ្លួន ព្រោះព្រឹទ្ធសភាស្ថិតក្រោមការ គ្រប់គ្រងដោយសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋ។ ព្រឹទ្ធសភាអាមេរិក មានសមាជិកដែលមកពីបក្សសាធារណរដ្ឋចំនួន៥៣នាក់ និងមកពីបក្សប្រជាធិបតេយ្យចំនួន៤៧នាក់ ខណៈសំឡេងពីរភាគបី ឬសមាជិកព្រឹទ្ធសភាចំនួន៦៧នាក់ គឺត្រូវការជាចាំបាច់ ដើម្បីអាច ដកតំណែងលោក ត្រាំ បាន៕