(ឡុងដ៍)៖ ក្រៅតែពីសម្លាប់ជីវិតមនុស្ស បង្កការភ័យខ្លាច និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច វីរុសកូរ៉ូណាថ្មីដែលមានប្រភពមកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ក៏កំពុងបង្កបញ្ហាមួយដ៏ធំផងដែរ នោះគឺការរើសអើងលើជនជាតិចិន ឬអ្នកមានដើមកំណើតចិន។ ជាក់ស្ដែងករណីទាំងនេះបានផ្ទុះឡើង នៅឯសង្កាត់ Chinatown មួយក្នុងទីក្រុងឡុងដ៍ ជាទីដែលម្ចាស់ភោជនីយដ្ឋានជាពលរដ្ឋអង់គ្លេស ដើមកំណើតចិនត្អូញត្អែរពីភាពស្ងប់ស្ងាត់ភ្ញៀវខុសពីធម្មតា ចាប់តាំងពីការឆ្លងដំបូងនៃវីរុសកូរ៉ូណា ត្រូវបានគេរាយការណ៍ជាលើកដំបូង នៅចក្រភពអង់គ្លេស។
លោក ម៉ាទីន ម៉ា (Martin Ma) ជាម្ចាស់ភោជនីយដ្ឋានជីនលី (Jinli restaurant) នៅតំបន់ឯបន់ ញូផតផ្លេស (Newport Place) នៃទីក្រុងឡុងដ៍បានអះអាងថា បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ជាលើកដំបូង នៅចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក ភោជនីយដ្ឋានរបស់លោកមិនសូវមានភ្ញៀវចូលនោះទេ ដោយការកក់កន្លែងនៅតាមសាខាទាំងបួននៃភោជនីយដ្ឋាន មានពីរកន្លែងនៅសង្កាត់ Chinatown មួយនៅទីក្រុងអូសប្រ៊ិច (Uxbridge) និងមួយកន្លែងទៀតនៅក្នុងទីក្រុង ប៊ឺមីងហាំ (Birmingham) បានធ្លាក់ចុះរហូតដល់ ៥០ភាគរយ និងធ្វើឱ្យខូតខាតជាប្រាក់ ១៥,០០០ផោនគិតត្រឹមចុងសប្ដាហ៍កន្លងទៅ។
រីអ្នកគ្រប់គ្រងភោជនីយដ្ឋាន Jinli ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានទទួលស្គាល់ដែរថា ហាងរបស់លោកពិតជាស្ងាត់ភ្ញៀវខុសប្រក្រតី ពីព្រោះមនុស្សម្នាមានការភ័យខ្លាច ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី។
លើសពីនេះទៅទៀត គិលានុបដ្ឋាយិកាថែទាំងកុមារម្នាក់គឺអ្នកនាង លូស៊ី លី (Lucy Li) មកពីតំបន់ វ៉ានស្ទីន (Wanstead) ភាគខាងកើតទីក្រុងឡុងដ៍បានអះអាងថា កូនស្រីរបស់អ្នកនាងមានអាយុ ១១ឆ្នាំបាននិយាយថា ក្មេងៗជាច្រើនបានប្រាប់តៗគ្នាថា ត្រូវនៅឱ្យឆ្ងាយពីជនជាតិចិនទាំងអស់ ដោយសារតែខ្លាចវីរុសកូរ៉ូណា។
អ្នកនាង Li ដែលមានឪពុកម្ដាយបានចាកចេញពីប្រទេសចិន មករស់នៅក្នុងចក្រភពអង់គ្លេសតាំងតែពីឆ្នាំ១៩៦០ មកនោះបានបញ្ជាក់យ៉ាងដូច្នេះថា «សូម្បីតែនៅពេលខ្ញុំទៅជួបគ្រូពេទ្យក៏ដោយ ឱ្យតែខ្ញុំក្អក ខ្ញុំឃើញមនុស្សដើរចេញឆ្ងាយពីខ្ញុំ... ជាការពិតណាស់ក្នុងនាមជាអ្នកមានវិជ្ជាជីវៈថែទាំសុខភាពម្នាក់ ខ្ញុំយល់ចំពោះការព្រួយបារម្ភរបស់សាធារណជន។ តែយ៉ាងណាក៏ដោយ វាមានព័ត៌មានក្លែងក្លាយជាច្រើន នៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ ដែលវាបានលេចចេញជាលទ្ធផលហើយ នោះគឺការរើសអើងមកលើជនជាតិចិន ដែលកំពុងរស់នៅចក្រភពអង់គ្លេស»។
ជុំវិញបញ្ហានេះដែរ សហគមន៍ចិនប្រចាំទីក្រុង Birmingham បានសម្ដែងការសោកស្ដាយជាខ្លាំង ដោយបានលឺព័ត៌មានពាក់ព័ន្ធនឹងការរើសអើង ជនជាតិចិននៅចក្រភពអង់គ្លេស ដែលកំពុងកើនឡើងចាប់តាំងពីវីរុសកូរ៉ូណាថ្មីផ្ទុះឡើង។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណា នៅចិនដីគោកកើនដល់ ៤២៥នាក់ និង ២០,៤៣៨នាក់បានឆ្លង ហើយពីរនាក់ទៀតបានស្លាប់នៅប្រទេសហ្វីលីពីន និងក្រុងហុងកុង។ ចំណែកឯសហរដ្ឋអាមេរិកបានហាមជនបរទេសទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចូលក្នុងប្រទេសរបស់ខ្លួន ស្របពេលសិង្ហបុរី អូស្ត្រាលី នូវែលសេឡង់ និងវៀតណាម ក៏បានប្រកាសរឹតត្បិតការធ្វើដំណើរ លើជនបរទេសមកពីចិនដែរ ដើម្បីទប់ស្កាត់ការរីករាលដាននៃវីរុសកូរ៉ូណាថ្មី។ ជុំវិញការប្រកាសអាសន្ន និងហាមឃាត់ការធ្វើដំណើរជាមួយចិននេះ ក្រសួងការបរទេសចិនក៏បានធ្វើការរិះគន់ ទង្វើសហដ្ឋអាមេរិកផងដែរថា «ជាការបញ្ចេញប្រតិកម្មជ្រុលហួសហេតុពេក»៕
ប្រភព៖ BBC (ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០)