(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៤២៥នាក់ហើយ ខណៈមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លង។

២៖ អាជ្ញាធរអ៉ីរ៉ង់នៅថ្ងៃអង្គារនេះបានឲ្យដឹងថា បុរសម្នាក់ដែលជាគិញរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ត្រូវបាន ផ្តន្ទាទោសប្រហារជីវិត។

៣៖ ថ្ងៃអង្គារនេះអាជ្ញាធរថៃបានប្រកាសពីករណីថ្មីចំនួន ០៦ទៀតនៃវីរុសកូរ៉ូណា 2019-nCoV ដែលក្នុងនោះរួមមានជនជាតិថៃផ្ទាល់ចំនួន ០៤នាក់។

៤៖ កាស៊ីណូទាំងឡាយនៅក្រុងម៉ាកាវរបស់ចិន ដែលជាទីប្រជុំទៅដោយកាស៊ីណូធំជាងគេបំផុតលើលោក កំពុងត្រូវអាជ្ញាធរម៉ាកាវ ស្នើឲ្យបិទទ្វារជាបណ្តោះអាសន្នសិន ស្របពេលដែលប្រទេសចិនទាំងមូល កំពុងព្យាយាមគ្រប់គ្រងការរីករាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV)។

៥៖ ទីបំផុតសវនាការជុំវិញការសម្រេចដកឬមិនដកតំណែងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានចាប់ផ្តើម នៅព្រឹទ្ធសភាអាមេរិកកាលពីពីរសប្តាហ៍មុន ត្រូវបិទបញ្ចប់ជាស្ថាពរហើយ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសម្រេចចុងក្រោយ។

៦៖ អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់មនុស្ស ៣,៥០០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឱ្យនៅឆ្ងាយដាច់ពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកដំណើរនៅលើនោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី៕