(វ៉ាស៊ីនតោន)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បាននិយាយថា វីរុសកូរ៉ូណា ដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន មិនទាន់ក្លាយ ជា«ជំងឺរាតត្បាត នៅទូទាំងសកលលោក» នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការអះអាងខាងលើធ្វើឡើងដោយ លោកស្រី Sylvie Brian ជាប្រធានអង្គភាពបង្ការគ្រោះមហន្តរាយនៃជំងឺឆ្លងពិភពលោករបស់អង្គការ WHO។ ថ្លែងប្រាប់ អ្នកសារព័ត៌មាន លោកស្រី Briand បានគូសបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្ន វីរុសកូណាថ្មី មិនទាន់ក្លាយជាជំងឺរាតត្បាតនៅទូទាំងសកលលោក នោះទេ...ប៉ុន្តែ ជាការពិតវីរុសនេះបានរីករាលដាលយ៉ាងឆាប់រហ័ស នៅខេត្ត Hubei ប្រទេសចិន»។

គួរជម្រាបថា នៅថ្ងៃអង្គារនេះដែរ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបី ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងថៃ សុទ្ធតែអះអាងដូចៗគ្នាពីការរកឃើញករណីឆ្លងថ្មីនៃវីរុស កូរ៉ូណា នៅក្នុងប្រទេសរបស់ពួកគេ ក្នុងចំណោមពលរដ្ឋមិនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន។ ចំណែកឯចំនួនអ្នកស្លាប់ ដោយសារវីរុសដ៏កាចសាហាវនេះវិញ បានកើនដល់ ៤២៥នាក់នៅចិនដីគោក និងម្នាក់នៅហុងកុង ហើយម្នាក់ទៀតនៅហ្វីលីពីន ខណៈចំនួនអ្នកឆ្លងមានច្រើនជាង ២០,០០០នាក់។

ខាងក្រោមនេះគឺជាចំនួនអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាថ្មី នៅតាមបណ្តាប្រទេស និងតំបន់នានាទូទាំងពិភពលោក៖

១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់
៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ២៥ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ២៤ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៦ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ១០ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ១០ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង
២៨៖ ប្រទេសប៊ែលហ្សិក ០១ករណីឆ្លង

តួលេខខាងលើ គឺគិតត្រឹមម៉ោង ៨៖៤០នាទីយប់ ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០៕