(អឺរ៉ុប)៖ សហភាពអឺរ៉ុប បានថ្កោលទោស សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តថានឹងលុបចោលបម្រាមលើការប្រើប្រាស់ «គ្រាប់មីនប្រឆំាងនឹងមនុស្ស» ដោយចាត់ទុកថានេះគឺជាទង្វើមិនអាចទទួលយកបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រតិកម្មរបស់សហភាពអឺរ៉ុប កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការរឹតត្បិតនានា ដែលបង្កើតឡើងដោយលោក បារ៉ាក់ អូបាម៉ា ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ សហភាពអឺរ៉ុប បានគូសបញ្ជាក់ ដូច្នេះថា៖«ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស មិនថានៅទីណា ឬពេលណា ឬក៏ដោយនរណាក៏ដោយ គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត សម្រាប់ សហភាពអឺរ៉ុប»។ សហភាពអឺរ៉ុប បន្ថែមទៀតថា ការហាមឃាត់ការប្រើប្រាស់គ្រាប់មីន បានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់ ក្នុងរយៈពេល២០ឆ្នាំមកនេះ។
យ៉ាងណាក៏ដោយ បើតាមការសេតវិមាន ការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស បានផ្ដល់ផលអវិជ្ជមានដល់កងទ័ពអាមេរិក ប៉ុន្តែបានអះអាងថា កងទ័ពអាមេរិក នឹងប្រើប្រាស់តែ «គ្រាប់មីនពិសេស» ប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល និងកងទ័ពសម្ព័ន្ធមិត្ត។
គួរជម្រាបថា «គ្រាប់មីនប្រឆាំងនឹងមនុស្ស» ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា ទីក្រុង Ottawa និងបានចូលជាធរមាននៅឆ្នាំ១៩៩៩។ ប្រទេសជាហត្ថលេខីមាន ចំនួន១៦៤ រីឯសហរដ្ឋអាមេរិកវិញ គ្រាន់តែបញ្ឈប់ការទិញគ្រាប់មីន និងហាមឃាត់ការប្រើប្រាស់ នៅក្រៅឧបទ្វីបកូរ៉េ ប៉ុណ្ណោះ កាលពីឆ្នាំ២០១៤។ ព្រមពេល ជាមួយគ្នា យោធាអាមេរិក ក៏មិនបានប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស ចាប់តាំងពីឆ្នាំ១៩៩១ ក៏ដូចជាឈប់ផលិត និងនាំចូលគ្រាប់មីនបែបនេះអស់រយៈពេល ជាង២ទសវត្សរ កន្លងមកនេះ។