(ព្រុចសែល)៖ ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បាននិយាយថា នឹងបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងទ្វីបអឺរ៉ុបតែម្តង ខណៈក្រុមហ៊ុនចិននេះកំពុងប្រយុទ្ធប្រឆាំងនឹង ការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក លើបណ្ដាប្រទេសអឺរ៉ុប កុំឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Huawei។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងសារអបអរសារទរចូលឆ្នាំចិន នៅឯទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក លោក អាប្រាកហាម លីវ (Abraham Liu) ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ Huawei ម្នាក់ប្រចាំអឺរ៉ុប បានលើកឡើងយ៉ាងដូច្នេះថា «Huawei មានការប្ដេជ្ញាចិនជាច្រើនទៀត មិនធ្លាប់មានពីមុនមកចំពោះអឺរ៉ុប... ទាំងនេះហើយជាមូលហេតុដែលយើង បានសម្រេចចិត្តថា នឹងបង្កើតមូលដ្ឋាន ផលិតកម្មនៅក្នុងទ្វីបអឺរ៉ុប។ ដូច្នេះយើងជឿជាក់ថា អាចនឹងបំពាក់បច្ចេកវិទ្យា 5G (Made in Europe) នៅក្នុងទ្វីបអឺរ៉ុប»។
គួរជម្រាបថា ការលើកឡើងរបស់លោក Liu ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបបានផ្ដល់អនុសាសន៍ ឱ្យបណ្ដារដ្ឋជាសមាជិកទាំងអស់ អាចហាមឃាត់ប្រតិបត្តិការ 5G របស់ក្រុមហ៊ុន Huawei បានដោយសារតែបារម្ភពីសន្តិសុខជាតិ។ ប៉ុន្តែផែនការបស់អឺរ៉ុបត្រូវបានគេរំពឹងថា នឹងមានលក្ខណៈស្រដៀងគ្នានឹងអង់គ្លេស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយនេះ បន្តប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន ក្រោមការដាក់កំហិតមួយចំនួន។
ទោះបីជាមើលទៅ អឺរ៉ុប និងអង់គ្លេសបានដាក់ការហាមឃាត់ខ្លះមែនៗ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែអាចចូលរួមនៅក្នុងការផ្គត់ផ្គង់សេវា 5G ដដែល ខណៈសហរដ្ឋអាមេរិកវិញ នៅតែបន្តអំពាវនាវឲ្យអឺរ៉ុប និងអង់គ្លេសគិតគូរឡើងវិញ៕