(បរទេស)៖ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ការចាត់វិធានការយ៉ាងឆាប់រហ័សនិងតឹងរ៉ឹងរបស់ចិន នៅតំបន់ចាប់ផ្តើម នៃការផ្ទុះវីរុសកូរ៉ូណា 2019-nCoV បានជួយទប់ស្កាត់មិនឲ្យមានការរីករាលដាលខ្លាំងចេញពីទៅក្រៅប្រទេស ហើយក៏បានផ្តល់នូវឱកាស មួយ ដែលពិភពលោកគួរតែរួមគ្នាក្តាប់យកឲ្យបាន ដើម្បីបញ្ឈប់ការចម្លងរាតត្បាតនៃវីរុសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus វាគឺជារឿងសំខាន់ក្នុងការគូសបញ្ជាក់ថា ៩៩ភាគរយនៃករណីអ្នកឆ្លង វីរុស គឺសុទ្ធតែនៅក្នុងប្រទេសចិនផ្ទាល់ ហើយ៩៧ភាគរយនៃអ្នកបាត់បង់ជីវិត គឺស្ថិតក្នុងខេត្ត Hubei តែមួយប៉ុណ្ណោះ។ លោក Tedros បាន ថ្លែងនៅក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសយ៉ាងដូច្នេះថា «ឥឡូវយើងមានឱកាសមួយ ដែលបានមកពីកិច្ចប្រឹងប្រែងរបស់ចិន ដូច្នេះហើយ ចូរក្តាប់យកឱកាសនេះឲ្យបាន ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យការរីករាលនៃវីរុសកូរ៉ូណា 2019-nCoV កាន់តែធ្ងន់ធ្ងរ ហើយគ្រប់គ្រងវា» ។
លោក Tedros បានបន្ថែមថា អង្គការសុខភាពពិភពលោកនឹងបន្តការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន ដើម្បីជ្រោមជ្រែងដល់ កិច្ចប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងការវាយលុកនៃវីរុសផ្លូវដង្ហើមថ្មីនេះ ហើយលោកក៏បានអំពាវនាវជាថ្មីម្តងទៀត កុំឲ្យប្រទេស ទាំងឡាយនាំគ្នាដាក់បម្រាមធ្វើដំណើរ ឬមួយក៏ការរឹតត្បិតពាណិជ្ជកម្មជាមួយចិន ដោយសារតែការភ័យខ្លាចនៃវីរុសនេះផងដែរ។
គួរជម្រាបថា យោងតាមរបាយការណ៍នាថ្ងៃពុធនេះ បើគិតនៅជុំវិញពិភពលោកតែម្តង ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV បានកើនដល់ ២៤,៥៣៦នាក់ និងស្លាប់៤៩២ ប៉ុន្តែក្នុងចំណោមនោះ ករណីឆ្លង២៤,៣២៤ករណី និងករណីស្លាប់៤៩០ គឺស្ថិតនៅប្រទេសចិនដីគោក៕