(បរទេស)៖ វីរុសផ្លូវដង្ហើមថ្មីដែលបាននិងកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសចិន ប្រហែលជាត្រូវមនុស្សភាគច្រើនស្គាល់ថា «វីរុសកូរ៉ូណា» ប៉ុន្តែនេះមិនមែនឈ្មោះរបស់វាឡើយ ខណៈក្នុងពេលប៉ុន្មានថ្ងៃខាងមុខ អ្នកវិទ្យាសាស្រ្តនឹងប្រកាសពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
កាលពីចុងឆ្នាំ២០១៩ វីរុសថ្មីមួយនៅក្នុងអម្បូរវីរុសហៅថា «Coronavirus» ត្រូវបានរកឃើញក្នុងខ្លួនក្រុមអ្នកជំងឺរលាកសួតនៅទីក្រុង វូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន។ មកទល់ពេលនេះវាបានសម្លាប់មនុស្ស ៤៩០នាក់ និងចម្លងដល់ជាង ២.៤ម៉ឺននាក់នៅចិនផ្ទាល់។ ប៉ុន្តែវាមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដោយមានត្រឹមឈ្មោះសម្គាល់ជាបណ្តោះអាសន្ន ដែលអង្គការសុខភាពពិភពលោកដាក់ឲ្យគឺ «2019-nCoV»។
ក្នុងឈ្មោះបណ្តោះអាសន្ននេះ «2019» គឺជាឆ្នាំដែលវាត្រូវបានរកឃើញ រីឯអក្ស «n» គឺបានមកពីពាក្យ Novel ដែលមានន័យថាចម្លែក ឬថ្មី ខណៈកន្ទុយ «CoV» តំណាងឲ្យអម្បូរវីរុសដែលវាស្ថិតនៅគឺ កូរ៉ូណាវីរុស (Coronavirus/CoronaVirus) តែមហាជនទូទៅភាគច្រើនហៅត្រឹម «វីរុសកូរ៉ូណា ឬវីរុសកូរ៉ូណាថ្មី» ព្រោះខ្លីងាយហៅ។
ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការ International Committee on Taxonomy of Viruses (ICTV) ដែលទទួលបន្ទុកស្វែងរកឈ្មោះផ្លូវការឲ្យវីរុសនេះ បានបង្ហើបឲ្យដឹងថា ពួកគេរកឈ្មោះឲ្យវាបានហើយព្រមទាំងសង្ឃឹមថា អាចនឹងប្រកាសជាផ្លូវការបានក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
គួរជម្រាបថា សម្រាប់វីរុសផ្ហូវដង្ហើមមួយទៀតដែលស្ថិតក្នុងអម្បូរកូរ៉ូណាវីរុស និងផ្ទុះចេញពីប្រទេសចិនដូចគ្នា កាលពីចន្លោះឆ្នាំ២០០២-២០០៣ ហើយផ្តាច់ជិវិតមនុស្សជិត ៨០០នាក់ និងចម្លងដល់ជាង ៨,០០០នាក់នៅជុំវិញពិភពលោកនោះ ត្រូវបានអ្នកវិទ្យាសាស្រ្តកាលនោះដាក់ឈ្មោះឲ្យថា «សារ ( SARS)» ដែលមកពីពាក្យ Severe Acute Respiratory Syndrome។
រីឯវីរុសកូរ៉ូណាមួយផ្សេងទៀត ដែលបានផ្ទុះឡើងដំបូងនៅអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០១២ ត្រូវបានដាក់ឈ្មោះឲ្យថា «ម៉ឺស ឬ MERS» ដែលបានមកពីពាក្យ Middle East Respiratory Syndrome ប៉ុន្តែឈ្មោះនេះត្រូវបាន អង្គការសុខភាពពិភពលោក WHO រិះគន់ ព្រោះវាមានពាក្យភ្ជាប់ទៅនឹងតំបន់ភូមិសាស្រ្ត គឺមជ្ឈិមបូព៌ា៕