(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវនៅឯអាកាសយានដ្ឋានអន្តរជាតិ សាប៊ីហា ហ្គុកសិន (Sabiha Gokcen) ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ដោយបានបង្កឱ្យមនុស្ស ០៣នាក់ស្លាប់ និង ១៧៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) កំឡុងយន្ដហោះប្រភេទ Boeing 737 ខាងលើធ្វើការចុះចត នៅពេលមានអាកាសធាតុមិនល្អ ដោយមានភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង។ យន្ដហោះនេះបានរអិលធ្លាក់ចេញពីផ្លូវពីចំងាយ ៥០-៦០ម៉ែត្រ ទៅក្នុងប្រឡាយមួយ និងបានបាក់ជាបីកំណាត់ផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី យន្ដហោះ Boeing 737 នេះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍តួកគី ផេហ្គាសឹស (Pegasus Airlines) មានផ្ទុកមនុស្សសរុប ១៨៣នាក់ ក្នុងនោះរួមមានទាំងក្រុមអាកាសយានិក ០៦នាក់ និងកុមារ ១២នាក់។ យន្ដហោះនេះបានហោះចាកចេញពីទីក្រុង អ៊ីស្មឺ (Izmir) រីឯមូលហេតុ នៃគ្រោះថ្នាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕