(អូតតាវ៉ា)៖ កាណាដា និងចិនសុទ្ធតែមានការខឹងសម្បារដូចគ្នា ជុំវិញការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ របស់ក្រុមហ៊ុនបចេ្ចកវិទ្យាចិន Huawei ក្នុងឆ្នាំ២០១៨ នៅក្នុងប្រទេសកាណាដា និងរឿងរ៉ាវដែលកើតឡើងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ដោយសារតែសំណុំរឿងនេះ។ នេះជាការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំទីក្រុងប៉េកាំង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ដូមីនីក បាតុន (Dominic Barton) ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតកាណាដា ប្រចាំទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការកត់សម្គាល់បែបនេះ ប្រាប់គណៈកម្មាធិការពិសេសមួយនៃសភាកាណាដា ទទួលបន្ទុកទំនាក់ទំនងជាមួយចិន នៅថ្ងៃពុធសប្ដាហ៍នេះ។ ស្ថិតក្នុងអង្គប្រជុំ លោក Barton បានគូសបញ្ជាក់ថា «យើងពិតជាមានការខឹងសម្បារជាខ្លាំង ពីព្រោះពលរដ្ឋរបស់យើងបានជាប់ឃុំ រីឯចិនវិញក៏មានការខឹងសម្បារដូចគ្នាដែរ។ ជាការពិតណាស់ ប្រទេសទាំងពីរសុទ្ធតែមានការខឹងសម្បារដូចគ្នា... ប៉ុន្តែខ្ញុំសង្ឃឹមថា វានៅតែសញ្ញាថាភាគីទាំងពីរនឹងអាចរៀបចំ កិច្ចសន្ទនាមួយប្រកបដោយលក្ខណៈស្ថាបនា»។
គួររំលឹកផងដែរថា ប៉ូលិសកាណាដាបានចាប់ខ្លួននាយកប្រតិបត្តិហិរញ្ញវត្ថុ Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) តបតាមដីកាចាប់ខ្លួនមួយរបស់សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៨។ សហរដ្ឋអាមេរិកបានចោទថា លោកស្រី Meng មានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំមួយចំនួន ក្នុងនោះរួមមានទាំងការលក់
បរិក្ខាបច្ចេកវិទ្យាឱ្យអ៉ីរ៉ង់ ដោយរំលោភលើទណ្ឌកម្មអាមេរិក។ ប៉ុន្តែក្រុមហ៊ុន Huawei បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ហើយក្រោយការចាប់ខ្លួនលោកស្រី Meng ទីក្រុងប៉េកាំងក៏ត្រូវបានគេមើលឃើញថា បានចាត់វិធានការឆ្លើយតបវិញដែរ ក្នុងនោះរួមមានការចាប់ខ្លួនពលរដ្ឋកាណាដាពីរនាក់ និងបិទខ្ទប់ការនាំចូលប្រេង canola ពីកាណាដា ជាមួយការព្រមានឱ្យកាណាដាដោះលែងលោកស្រី Meng ជាបន្តបន្ទាប់ផងដែរ។
តែយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ កាណាដាបានបដិសេធដោះលែងលោកស្រីនាយកប្រតិបត្តិហិរញ្ញវត្ថុ Huawei ដោយអះអាងថា ខ្លួនមិនអាចជ្រៀកជ្រែកចូលក្នុងកិច្ចការតុលាការនោះទេ ខណៈតំណាក់កាលទីមួយនៃជជែកដេញដោយថា តើគួរតែធ្វើបត្យាប័នលោកស្រី ទៅកាន់សហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណា បានបិទបញ្ចប់កាលពីចុងខែមករា កន្លងទៅ៕