(ម៉ានីល)៖ គ្រោះរញ្ជួយដីមួយមានកម្រិត៦.៤រ៉ិចទ័រ បានកើតមានឡើងនៅក្បែរកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នៅមុននេះបន្តិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN Philippines នាយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីនិងភ្នំភ្លើងរបស់ហ្វីលីពីន Phivolcs បានឲ្យដឹងថា ហេតុការណ៍រញ្ជួយផែនដីនោះ បានកើតឡើង នៅវេលាម៉ោង០៩៖៤០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅរដ្ឋធានីម៉ានីល) ហើយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ៨៥គីឡូម៉ែត្រ ភាគខាងត្បូងតំបន់ Jose Abad Santos និងមានជម្រៅ៤៧គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ។

គួរជម្រាបថា គ្រោះរញ្ជួយដីខាងលើ មិនបានបង្កឲ្យមានការប្រកាសអាសន្នពីរលកយក្ស ឬក៏បណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់អ្វី ឡើយ គ្រាន់តែវាបានបង្កឲ្យមានភាពរំញ័រដល់ទីតាំងមួយចំនួន ភាគខាងត្បូងប្រទេសហ្វីលីពីន៕