(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីការឆ្លងរាតត្បាត នៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងឱកាសជួបសន្ទនាគ្នាតាមទូរស័ព្ទនោះ លោកប្រធានាធិបតីចិន បានស្នើឲ្យសហរដ្ឋអាមេរិកធ្វើការឆ្លើយតប ដែលសមហេតុសមផលចំពោះ ស្ថានភាពវីរុសកូរ៉ូណាថ្មី។ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងយ៉ាងក្លៀវក្លារបស់ប្រទេសចិន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ការរីករាលដាលនៃវីរុស កំពុងតែផ្តល់លទ្ធផលវិជ្ជមានដោយសន្សឹមៗ ហើយចិនមានទំនុកចិត្តលើខ្លួនឯងពេញទំហឹង ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះការរាត្បាតនៃវីរុសកូរ៉ូណាថ្មីនេះ។
បើតាមលោក ស៊ី ភាគីចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងវាយតម្លៃលើស្ថានភាពវីរុសកូរ៉ូណាថ្មី ក្នុងឥរិយាបថនឹងនរ មិនឆ្លេឆ្លា ហើយប្រកាន់យក និងសម្របសម្រួលចំណាត់ការឆ្លើយតបរបស់ខ្លួន ឲ្យសមទៅតាមស្ថានភាពជាក់ស្តែង ខណៈភាគីទាំងពីរអាចបន្តរក្សាការទាក់ទងគ្នា ហើយពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងចាប់ដៃគ្នាទប់ទល់ការរីករាលដាលនៃវីរុស។
គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប ១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕