(ហាណូយ)៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញបញ្ជាឲ្យបន្តការធ្វើពាណិជ្ជកម្មនៅព្រំប្រទល់ជាមួយចិនឡើងវិញ ដើម្បីធានាថា ការធ្វើចរាចណ៍សេដ្ឋកិច្ចមិនទទួលរងការប៉ះពាល់ខ្លាំង ដោយសារការវាយលុកនៃវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមបញ្ជាខាងលើដែលត្រូវបានដាក់ចេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រថភ្លើងនិងយន្តហោះដឹកទំនិញក៏អាចបន្តប្រតិបត្តិការរវាងប្រទេសទាំងពីរបានផងដែរ ដរាបណាមានវិធានការធានាសុវត្ថិភាព ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា 2019-nCoV។ កាលពីមុនពិធីបុណ្យចូលឆ្នាំចិន ដែលជាពេលវីរុសកូរ៉ូណាថ្មី បានចាប់ផ្តើមផ្ទុះឡើងខ្លាំងនៅប្រទេសចិន អាជ្ញាធរវៀតណាមបានបិទច្រកព្រំដែននៅភាគខាងជើងប្រទេសជាប់នឹងចិន ដែលជាហេតុបណ្តាលឲ្យរថយន្តកុងតឺន័ររាប់រយគ្រឿងជាប់គាំងនៅទីនោះ ដោយមិនអាចដឹកទំនិញចូលទៅកាន់ប្រទេសចិនបាន។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍ រថយន្តកុងតឺន័រ៦០គ្រឿង នៅច្រកព្រំដែន Tan Thanh ក្នុងខេត្ត Lang Son របស់វៀតណាម ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ប្រទេសចិន ខណៈជាង២០០គ្រឿងទៀត កំពុងរង់ចាំការអនុញ្ញាតដូចគ្នា។ ប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលកសិកម្ម ឈើ និងគ្រឿងសមុទ្ររបស់វៀតណាម។ ដោយឡែក សម្រាប់ករណីអ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅវៀតណាមវិញ គឺបានកើនដល់១២ករណី ប៉ុន្តែក្នុងនោះមានយ៉ាងហោច៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕