(ម៉ានីល)៖ រដ្ឋាភិបាលប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យតុលាការកំពូលបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN ដែលជាស្ថានីយទូរទស្សន៍ដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីន និងកំពុងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
សំណើសុំបិទស្ថានីយទូរទស្សន៍ ABS-CBN បានបញ្ជូនទៅតុលាការកំពូលកាលពីថ្ងៃចន្ទ ដោយមេធាវីជាន់ខ្ពស់របស់លោក ឌូតឺតេ គឺលោក ចូស ខាលីដា (Jose Calida)។ នៅក្នុងសំណើនោះដែរ លោក Calida បានចោទប្រកាន់ថា ស្ថានីយទូរទស្សន៍ដែលជាកម្មសិទ្ធិ នៃគ្រួសារមហាសេដ្ឋីមួយ នៅក្នុងប្រទេសហ្វីលីពីនមួយនេះ បានលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ធ្វើការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយរំលោភលើច្បាប់ស្តីពីការហាមការទទួលប្រយោជន៍ពីបរទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយទូរទស្សន៍មួយនេះគួរតែត្រូវដកអាជ្ញាប័ណ្ណ។
គួរជម្រាបថា កាលពីឆ្នាំ២០១៩ លោក ឌូតឺតេ ផ្ទាល់ក៏ធ្លាប់បានព្រមានបិទទូរទស្សន៍ ABS-CBN ផងដែរ បន្ទាប់ពីបានបង្ហាញការមិនពេញចិត្តជាបន្តបន្ទាប់ ចំពោះប្រព័ន្ធផ្សព្វផ្សាយមួយនេះដែលលោកផ្ទាល់ចោទថា បានបដិសេធផ្សព្វផ្សាយការឃោសនានយោបាយ កំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក កាលពីឆ្នាំ២០១៦៕