(វ៉ាស៊ីនតោន)៖ ករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង សានឌីហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California) បន្ទាប់ពីមនុស្សម្នាក់ដែលស្ថិត នៅលើជើងហោះហើរដំបូងគេ ក្នុងការជម្លៀសពលរដ្ឋអាមេរិកចេញពីទីក្រុងវូហាន ប្រទេសចិនត្រូវគេពិនិត្យរកឃើញថា បានឆ្លងវីរុស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទូរទស្សន៍ក្នុងតំបន់ 10News ដែលបានអះអាងពីករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុង San Diego ដោយសំអាងលើប្រភពដែលខ្លួនទទួលបាន ពីមន្ត្រីរដ្ឋាភិបាលអាមេរិក ហើយដែលនឹងធ្វើឱ្យចំនួនអ្នកឆ្លង នៅទូទាំងសហរដ្ឋអាមេរិកកើនដល់ ១៣នាក់។
បើតាមទូរទស្សន៍ 10News អ្នកជំងឺខាងលើ គឺជាមនុស្សពេញវ័យម្នាក់ ហើយរូបគេត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសានឌីហ្គោ (San Diego Medical Center) នៃសាកលវិទ្យាល័យកាលីហ្វរញ៉ា (University of California) ដើម្បីព្យាបាល ខណៈខាងមន្ទីរពេទ្យបដិសេធធ្វើការអត្ថាធិប្បាយ ទៅនឹងសំនួរអ្នកសារព័ត៌មាន តែក៏បានបញ្ជាក់ថា នឹងចេញសេចក្ដីថ្លែងការណ៍មួយក្នុងពេលឆាប់ៗនេះ៕