(បាងកក)៖ គណៈកម្មការជាតិផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍នៃប្រទេសថៃ (NBTC) កាលពីថ្ងៃចន្ទម្សិលមិញ បានព្រមានចំពោះ បណ្តាញទូរទស្សន៍ព័ត៌មានមួយចំនួន ដែលមិនព្រមស្តាប់តាមបទបញ្ជាឲ្យបញ្ឈប់ការផ្សាយផ្ទាល់របស់ពួកគេ ពាក់ព័ន្ធប្រតិបត្តិការបង្រ្កាប ខ្មាន់កាំភ្លើងដ៏សាហាវម្នាក់ នៅឯផ្សារទំនើប Terminal 21 ក្នុងទីក្រុងនគររាជសីមានៃខេត្តនគររាជសីមា កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Takorn Tantasith អគ្គលេខាធិការរបស់ NBTC បានព្រមានថា ស្ថានីយទូរទស្សន៍ទាំងនោះនឹងត្រូវប្រឈមមុខផលវិបាក ប៉ុន្តែលោកមិនបានបញ្ជាក់ថា ផលវិបាកនោះនឹងជាអ្វីឡើយ។ បើតាមលោក Takorn លោកបានទូរស័ព្ទដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំប៉ុស្តិ៍ទូរទស្សន៍ទាំងនោះ ដើម្បីប្រាប់ហេតុផលថា ការផ្សាយផ្ទាល់របស់ពួកគេគឺប៉ះពាល់ដល់សុវត្ថិភាពកងកម្លាំងទាំងឡាយ ដែលចូលរួមក្នុងប្រតិបត្តិការ ប៉ុន្តែពួកគេនៅតែបន្តផ្សាយដដែល។
គួរជម្រាបថា ប្រតិបត្តិការបង្រ្កាបខ្មាន់កាំភ្លើង ដែលជាទាហានថៃម្នាក់ នៅផ្សារទំនើប Terminal 21 ក្នុងទីក្រុងនគររាជសីមា (កូរ៉ាត់) កាលពីយប់ថ្ងៃសៅរ៍កន្លងទៅឈានចូលដល់ថ្ងៃអាទិត្យបន្ទាប់ បានប្រព្រឹត្តទៅជាង១០ម៉ោង ទើបអាចបញ្ចប់ទៅវិញបាន ជាមួយការសម្រេចចិត្ត ផ្តាច់ជីវិតខ្មាន់កាំភ្លើង។ មុនពេលបាត់បង់ជិវិត ខ្មាន់កាំភ្លើងម្នាក់នោះ បានបាញ់សម្លាប់មនុស្សសរុប២៦នាក់ និងបង្កឲ្យរបួសរាប់សិបនាក់ផ្សេងទៀត៕